ស្ទឹងត្រែង ៖ រថយន្តសាំយ៉ុង២គ្រឿង តទ្រុង តែងតែដឹកឈើក្តារៀងរាល់ថ្ងៃត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសៀមបូកបង្ក្រាបបានរួមទាំងអ្នកបើកបរ២នាក់ផងដែរ កាលពីវេលាម៉ោង១០និ១៥ព្រឹកថ្ងៃ១០កុម្ភៈឆ្នាំ២០១៧ខណ: កំពុងដឹកជញ្ជូនឈើលើដងផ្លូវដីគ្រួសក្រហម
ក្នុងភូមិស្រែក្រសាំងឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង។
លោកអនុសេនីយ៏ឯក ហេង ណាន មេបញ្ជាការស្តីទីស្រុកសៀមបូកបានអោយដឹងថា រថយន្តខាងលើនេះ គឺតែងតែលួចដឹកឈើជារៀងរាល់ថ្ងៃហើយបើកបរក្នុងល្បឿនលឿនមិនដែលគិតថាខ្លាចប៉ះពាល់លើអ្នកដ៏ទៃឬគ្រោះថ្នាក់ចរាចរណ៏ឡើយ ។ លោកថា ដោយមានបទបញ្ជារពីឯកឧត្តមមេបញ្ជារកងរាជអាវុធហត្ថខេត្ត ពីការបង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ លោកបានដឹកនាំកម្លាំងស្រុកចុះបង្ក្រាបបានតែម្តង ។ លោកបន្តថា រថយន្តដឹកឈើដែលកម្លាំងលោកបង្ក្រាបបាននោះ ជារថយន្តប្រភេទសាំយ៉ុង តទ្រុង ចំនួន២គ្រឿង ។
រថយន្តទី១ ម៉ាកសាំយ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2D3693 បើកកបរដោយឈ្មោះ អាត់ សុចាន់ភេទប្រុសអាយុ៣១ឆ្នាំ ខ្មែរមុខរបរលក់ឥវ៉ាន់ចាប់ហួយរស់នូវភូមិបាយ៉ាបឃុំស៊ាឃ៊ាង ស្រុកកំចាយមា ខេត្តព្រៃវែង ដឹកឈើក្តាកកោះ១៥សន្លឹកប្រវែង ៦ ម៉ែត្រ និងឈើទាល១៦ដើម=០,៦៥៤ម៉ែត្រ ។
រថយន្តទី២ម៉ាកសាំយ៉ុង ពណ័ខៀវទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F5075 បើកបរដោយឈ្មោះ សុន សូត្រ ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរដើរលក់ ឥវ៉ាន់ចាប់ហួយ រស់នូវភូមិឃុំជាមួយគ្នាដឹកក្តាកកោះ១១សន្លឹកនិងសរសរផ្ជឹក១ដើម=០,២២០មែត្រគូបសរុបមានចំនួន០,៨៧៤មែត្រគូប ។
ក្រោយពីបង្ក្រាបរួចមក កម្លាំងអាវុធហត្ថបាននាំយករថយន្តដឹកឈើនិងជនសង្ស័យប្រគល់ទៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕