ខេត្តបាត់ដំបង ៖ ក្រុមការងារចម្រុះមានមន្ត្រីនគរបាល មន្ត្រីសាលាក្រុង មន្ត្រីសាធារណៈការណ៍និងមន្ត្រីសាលាខេត្ត បានចុះកាយសំរាមដង្គត់ឈើទាក់ទើតាមស្ពានទាំង៧កន្លែងខេត្តបាត់ដំបង ដើម្បីអោយចរាចរណ៍ផ្លូវទឹកបានដំណើរការរលូន និងជៀសវាងការកកស្ទុះ បណ្តាលអោយមានការបាក់ស្រុតខូចស្ពានជាដើម កាលម៉ោង៣ដល់ម៉ោង៥រសៀលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៤នៅស្ពាន លោកសខេងឧបនាយករដ្ឋក្រសួងមហាផ្ទៃភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
តាមលោក លាង វាសនា មន្ត្រីសាលាក្រុងបានអោយដឹងថា នៅរៀងរាល់ឆ្នាំ រដូវទឹកឡើង មែកឈើតូចធំ និងកាកសំណល់សំរាមតែងតែមកកកស្ទះនៅតាមគល់ស្ពាន បណ្តាលអោយស្ពានឆាប់ទ្រុឌទ្រោម និងអ្នកធ្វើដំណើរតាមទូកផ្លូវទឹកពិបាកធ្វើដំណើរឆ្លងកាត់ ដោយដង្គត់ឈើទាំងនោះ វាយបំបែកទូក ឬកាណូតអោយលិចលង់បាន ។ ស្ពានទាំង ៧ កន្លែងតាមដងស្ទឹងសង្កែ (លើកលែងស្ពានរថភ្លើង) មានទី១ ស្ពានសង្កាត់វត្តគផ្លូវជាតិលេខ ៥៧ អា ទី២ស្ពានថ្មចាស់មុខសាលាខេត្តបាត់ដំបង ទី៣ស្ពានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី (ស្ពានវត្តសង្កែ) ទី៤ស្ពាន លោក ស ខេង ឧបនាយករដ្ឋក្រសួងមហាផ្ទៃ ទី៥ស្ពានថ្មថ្មីផ្លូវជាតិលេខ៥ ទី៦ស្ពានកូរ៉េ(ស្ពានឧត្តរៈ) ស្ពានទាំង ៦ ស្ថិតក្នុងក្រុងបាត់ដំបង និងស្ពានទី ៧ ស្ពានផ្សារប្រុក ស្ថិតក្នុភូមិព្រែកតាច្រេង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
មន្ត្រីសាលាក្រុងបានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីលោក ច័ន្ទ សុផល អភិបាលខេត្តដែលជាប់រវល់ប្រជុំ បានអោយកម្លាំងចម្រុះចុះកាយ និងយកគ្រឿងចក្រ ចូលស្ទូចនៅសំរាមតូចធំអោយមុខទឹកហូរទៅបានរលូន ។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តបានផ្តាំផ្ញើ អោយប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ឬតំបន់ព្រៃលិចទឹក និងមាត់ទន្លេចូលមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងខ្យល់ព្យុះត្រូវត្រៀមលក្ខណៈសម្ភារៈចានឆ្នាំង ទូកកាណូត ផ្ទះសម្បែងកូនចៅ ដែលអាចកើតឡើងដោយយថាហេតុ ៕