ខេត្តបាត់ដំបង ៖ ចាប់ពីវេលាម៉ោង១០និង៣០នាទីយប់រហូតដល់វេលម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ បានឲ្យលោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្ក្រាប សហការជាមួយនគរបាលក្រុងបាត់ដំបង បានចេញប្រតិបត្តិការចុះប្រមូលឃាត់ខ្លួនក្រុមក្មេងស្ទាវទំនើងសរុបចំនួន៥៦នាក់ ដែលបង្កវាយតប់គ្នា និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង មានភាពភ័យខ្លាចនិងរំខានដំណេក នាពេលយប់។
លោកអនុសេនីយ៍ឯកឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថាក្នុងប្រតិបត្តិការឃាត់ខ្លួនក្មេងទំនើងខាងលើសមត្ថកិច្ចដកហូតបានដាវកាំបិតវែង១ដើម ដែលពួកក្មេងទាំងនោះទុកជាអាវុធដើម្បីបង្ករបួសស្នាមគូរសត្រូវ។ក្នុងចំណោមក្មេងទំនើងទាំង៥៦នាក់ សមត្ថកិច្ចធ្វើតេស្ថទឹកនោមរកឃើញក្មេងទំនើង២២នាក់មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ ក្មេងដែលមានផ្ទុកសារធាតុញៀនត្រូវបានចាប់បញ្ជូនយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដោយឡែកក្មេងទំនើងដែលគ្មានផ្ទុកសារធាតុញៀនសមត្ថកិច្ចបានធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យា ហើយកោះហៅអាណាព្យាបាលមកទទួលដើម្បីយកទៅអប់រំបន្ត ។
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមក្មេងទំនើងនៅខេត្តបាត់ដំបងហាក់បីដូចជាបានកំរើកឡើងវិញ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដាក់បទបញ្ជា ក្នុងការពង្រឹងស្តិសុខរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ ៕