ខេត្តបន្ទាយមានជ័យ៖ កំលាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យបញ្ជូន ជនសង្ស័យប្រុសស្រី៣នាក់និងថ្នាំម៉ាទឹកកក២កូនថង់តូច ថ្នាំគ្រាប់ ១៥៥គ្រាប់ និងវត្ថុតាង១ចំនួនទៀតទៅតុលាការនារសៀលថ្ងៃទី៥ខែកុម្ភ:ឆ្នាំ២០១៧ចាត់ការតាមនិតិវិធី។
លោកវរៈសេនីយ៍ឯក សប៊ុនសឿងមេបញ្ជារងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកបង្ក្រាបគ្រឿងញៀនបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមបានចុះសហការណ៍គ្នាជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុកថ្មពួកចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀន១កន្លែង នៅល្ងាចថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់កំពុងនាំគ្នា លួចជក់និងលក់គ្រឿងញៀនយ៉ាងសកម្ម។
ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមាន៖ទី១ឈ្មោះយ៉ែនពៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករ ។ទី២មានឈ្មោះភួងវ៉ា ស្រីអាយុ៤៥ឆ្នាំ ធ្វើស្រែ។ ទី៣មានឈ្មោះងឹមសាមឿន ប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៣នាក់រស់នៅក្នុងភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនម៉ាទឹកកកចំនួន២កូនថង់តូច ស្មើរនិងទម្ងន់០.៦៨ក្រាម។ ថ្នាំមេតំហ្វេតាមីនគ្រាប់១៥៥គ្រាប់ ទូស័ព្ទ៣គ្រឿង ម៉ូតូ១គ្រឿង កាំភ្លើងច្នៃ១ដើម កាំបិតខ្វាវ១ដើម កាំបិតសាំម៉ូរ៉ៃ១ដើម កូនកាំបិតបត់១ដើម នាឡិការ២គ្រឿង ចិញ្ចៀន១វង់ និងនិងក្រដាសដកលុយវីងចំនួន៤សន្លឹក ។ ជនសង្ស័យទាំង៣នាក់នៅមុខអាវុធហត្ថបានឆ្លើយសារភាពថាខ្លួនទាំង៣នាក់ពិតជាបាននាំគ្នាលួចលក់និងជក់គ្រឿងញៀនពិតប្រាកដ។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ឲ្យដឹងទៀតថា មុននឹងឈានដល់បង្ក្រាបជនសង្ស័យទាំង៣នាក់បាននោះ កំលាំងអាវុធហត្ថបានទទួលព័ត៌មានពីបណ្តាញភ្នាក់ងាររបស់អាវុធហត្ថស្រុកថ្មពួកនៅចំណុចកើតហេតុខាងលើថាមានជនសង្ស័យ៣នាក់កំពង់នាំគ្នាលួចលក់ និងជក់គ្រឿងញៀនយ៉ាងសកម្ម ទើបកំលាំងអាវុធហត្ថធ្វើការចុះទៅឃាត់ខ្លួនបានតែម្តង ៕