បាត់ដំបង ៖ បុរសម្នាក់ក្រុមហ៊ុនបារីលុច្សសារីខេត្តបាត់ដំបងធ្លាប់កិបកេងប្រាក់ពីក្រុមហ៊ុនម្តងហើយម្តងទៀត ត្រូវនគរបាលក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញឃាត់ខ្លួនបាន កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅកាស៊ីណូណាហ្គា រាជធានីភ្នំពេញ តាមដីការបស់សាលាដំបូងខេត្តបាត់ដំបង ពីបទរំលោភទំនុកចិត្ត ។ ជនសង្ស័យត្រូវនគរបាលក្រសួងមហាផ្ទៃនៅរាជធានីភ្នំពេញ ប្រគល់ជូននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃដដែលយកទៅចាត់ការបន្តតាមផ្លូវច្បាប់។
លោក ជា ប៉ូច មន្ត្រីផ្នែកអនុវត្តដីកានៃស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បុរសសង្ស័យដែលនគរបាលក្រសួងមហាផ្ទៃរាជធានីចាប់ខ្លួនមានឈ្មោះ តេង រ៉ែន អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ឃុំស្វាយរូងស្រុកកណ្តៀងខេត្តពោធិសាត់។
មុនចាប់ខ្លួន ជាអតីតបុគ្គលិកក្រុមហ៊ុនបារីលុច្សសារីបាត់ដំបង ស្នាក់នៅក្នុងក្រុមហ៊ុនបារីលុចសារី ផ្លូវលេខ៣ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោក គឹម ពន្លក អនុប្រធាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដែលទៅទទួលយកជនសង្ស័យ ពីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៧ ដបចខ របស់លោកនៅ យ៉ា រ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ តេង រ៉ែន ភេទប្រុសអាយុ៤៤ឆ្នាំ ពីបទឆបោកប្រព្រឹត្តនៅភូមិពពាលខែឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០១២ ។
ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានយកលុយក្រុមហ៊ុនបារីលុច្សសារី ដែលប្រមូលបានពីម៉ូយ ហើយមិនបានប្រគល់ឲ្យថៅកែរួចយកទៅលេងល្បែងនៅកាស៊ីណាណាហ្គា ចាញ់អស់ក៍មិនហ៊ានមកបាត់ដំបងវិញ ហើយត្រូវនគរបាលក្រសួងមហាផ្ទៃភ្នំពេញចាប់ខ្លួន នៅម៉ោងជាង១រំលងអាធ្រាត្រ ចូលថ្ងៃទី៥ខែកញ្ញានៅកន្លែងភ្នាល់បាល់ក្នុងកាស៊ីណូណាហ្គា។
ប្រភពពីក្រុមហ៊ុនបារីលុច្សសារីខេត្តបាត់ដំបងបានអោយដឹងថា ជនសង្ស័យឈ្មោះ តេង រ៉ែន កាលឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ រយៈពេល៣ឆ្នាំនេះ បានប្រមូលប្រាក់ពីម៉ូយបារីចាយអស់ចំនួន ៧ ពាន់ដុល្លារ តែដោយថៅកែយោគយល់ ទទួលអោយធ្វើការងារបន្តទៅទៀត ដោយធ្វើកិច្ចសន្យាបណ្តោះសងក្នុង១ខែបន្តិចៗ ។ ប៉ុន្តែជននេះមិនចោលគំនិត បោកប្រាស់បានបន្តប្រមូលប្រាក់ពីម៉ូយបារីលុច្សសារីតាមស្រុក បានប្រាក់ជាង ១ ម៉ឺនដុល្លា យករត់ទៅបាត់ទៀត ទើបលោកស្រីថៅកែដាក់ពាក្យបណ្តឹងតែម្តង។
លោក គឹម ពន្លក បានបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី ៕