បាត់ដំបង ៖ បុរសម្នាក់រៀនលួចលើកទី១ យកគោយន្តកន្ត្រៃ (គោយន្តអត់រ៉ឺម៉ក) ត្រូវនគរបាលតាមឃាត់ខ្លួនទៅតុលាការ នា ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី ចំណែកគោយន្តប្រគល់ជូនម្ចាស់ដើមវិញនៅស្រុកបវេល។
បុរសសង្ស័យត្រូវសមត្ថកិច្ចនគរបាលស្រុកបវេលចាប់ខ្លួនបាន កាលម៉ោង៩ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចប្រំប្រទល់ស្រុកភ្នំព្រឹក ក្នុងភូមិកូបឃុំអំពិលប្រាំដើមស្រុកបវេល ។
ហេតុការណ៍លួចគោយន្ត កាលពីវេលាម៉ោង១យប់រំលងអធ្រាត ចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅភូមិឃុំអំពិលប្រាំដើមស្រុកបវេល ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល បានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចនគរបាលខេត្តបញ្ជូនមកកាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ មានឈ្មោះជារាក់ហៅឆ្អឹង អាយុ២២ឆ្នាំ រស់នៅភូមិស្រែព្រិចឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជេត អ៊ន អាយុ៤៨ឆ្នាំ រស់នៅភូមិអំពិលប្រាំដើម ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្តបាត់ដំបង ។ វត្ដុតាងរឹបអូសបាន ក្បាលគោយន្តកន្ត្រៃ១គ្រឿង (គោយន្តអត់រ៉ឺម៉ក) ។
ឈ្មោះ ជា រាក់ ហៅឆ្អឹង ជនសង្ស័យបានសារភាពថា នេះជាលើកទី១ ដែលខ្លួនធ្វើជាចោរ ខណៈខ្លួនទើបបានមកស្នាក់នៅជាមួយជីដូន បាន ១ សប្តាហ៍ក្នុងភូមិកើតហេតុ ដោយរដូវកាន់វេនបិណ្ឌភ្ជុំ ជិតមកដល់និងនឹកផ្ទះខ្លាំងពេក និងចង់បានប្រាក់ច្រើន ពេលយប់ស្ងាត់ក៏ប្រថុយទៅលួចគោយន្តអ្នកជិត ហើយក៏ត្រូវនគរបាលតាមចាប់ខ្លួនបានតែម្តង។
មន្ត្រីដដែលបានបញ្ជាក់ថា ក្បាលគោយន្តកន្ត្រៃ ១ គ្រឿង ដែលចោរលួចនោះ គឺសមត្ថកិច្ចស្រុកបវេល បានប្រគល់អោយម្ចាស់ដើមវិញហើយ ចំណែកបុរសសង្ស័យ ត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលាការ នា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ចាត់ការតាមនិតិវិធី ៕