ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានឃាតករសម្លាប់រួចយកមកប្លុងចោល នៅវេលាម៉ោង១រសៀលថ្ងៃទី៣ខែគុម្ភះ ឆ្នាំ២០១៧នៅចំណុចស្ពានត្រពាំងធំតាមបណ្ដោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណត្រូវជនល្មើសមិនស្គាល់មុខកាប់សម្លាប់ យកមកទំលាក់ចោលនៅចំណុចខាងលើ ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងបន្តទៀតថា តាមការធ្វើកោសលវិច្ច័យទៅលើសព សមត្ថកិច្ចបានធ្វើសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយជនល្មើសកាប់នឹងពូថៅចំ កញ្ចឹង ក ព្រោះមានស្នាមរបួសត្រង់ក ប្រវែងជិត១០សង់ទីម៉ែត្រ និងមានពូថៅនៅក្បែរសពនោះផង។សមត្ថកិច្ចក្រោយពីធ្វើការពិនិត្យសពរួចមកសពត្រូវបានសមិត្ថកិច្ចយកមកតម្កល់ទុកនៅវត្តជប់ ស្ថិតក្នុងភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីប្រកាស់រកសាច់ញាតិ តែបើរកសាច់ញាតិមិនឃើញសពត្រូវសមិត្ថកិច្ចរៀបចំបូជាសពទៅតាមប្រពៃណីនៅក្នុងវត្តនោះតែម្តង ។ ចំណែកឃាតកវិញ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕