ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅវិទ្យាល័យថ្មពួក ស្រុកថ្មពួក និង វិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យក្នុងរយ:ពេល២ថ្ងៃ នេះ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួនជាង៣.០០០នាក់ បាននាំគ្នាចូលរួមផ្សព្វផ្សាយច្បាប់គ្រឿងញៀន ក្រោមប្រធានបទ “ឆ្លើយថាទេ ចំពោះគ្រឿងញៀន” ។
លោក ចាប សុផាឬទ្ធិ ស្នងការរងនគបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការិយាល័យគ្រឿងញៀននៃខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយមានការណែនាំនិងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យ ចុះអនុវត្តណែនាំដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សតាមសាលារៀន តាមវិទ្យាល័យ និងតាមមូលដ្ឋានអំពីបញ្ហាគ្រឿងញៀន។
លោក ចាប សុផាឬទ្ធិ បានបញ្ជាក់ទៀតថា ការចុះអប់រំ ណែនាំបញ្ហាគ្រឿងញៀននេះ បានសហការជាមួយមន្ត្រីសាលាស្រុក និងកម្លាំងនគរបាលអធិការដ្ឋានស្រុក និងលោកគ្រូ អ្នកគ្រូ ដើម្បីជៀសផុតពីការគ្រោះថ្នាក់ គ្រឿងញៀន ។ ការផ្សព្វផ្សាយច្បាប់គ្រឿងញៀននេះដែរ គឺដើម្បីឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចលោកគ្រូ អ្នកគ្រូត្រូវចូលសហការគ្នាដើម្បីទប់ស្កាត់និងលុបបំបាត់នៅបទល្មើសគ្រឿងញៀនមានការជួញដូរនិងចែកចាយប្រើប្រាស់គ្រឿងញៀនមិនឲ្យមានក្នុងមូលដ្ឋានជាដាច់ខាត ។
លោក ចាប សុផាឬទ្ធិ បានសំណូមពរឲ្យលោកគ្រូ អ្នកគ្រូ ត្រូវបញ្ចូលការអប់រំផ្សព្វផ្សាយច្បាប់គ្រឿងញៀន ឲ្យដល់សិស្សានុសិស្សាបានយល់ដឹងច្បាស់និងរួមលុបបំបាត់គ្រឿងញៀនទាំងស្រុង ក្នុងភូមិ ឃុំ មានសុវត្ថិភាព។
លោក ចាប សុផាឫទ្ឋិបានសង្គត់ធ្ងន់ៗថា បើលោកគ្រូ អ្នកគ្រូ ប្អូនសិស្សានុសិស្ស ប្រជាពលរដ្ឋ ណាម្នាក់ប្រទះឃើញការលួចលាក់និងចែកចាយ ជួញដូរ គ្រឿងញៀន ប្រើប្រាស់កន្លែងណាត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ឫ សមត្ថកិច្ចដែលនៅក្បែរយើង តាមរយ:លេខទូរស័ព្ទលោកស្នងការរងគឺលេខ012 355 666៕