បាត់ដំបង៖ ភ្លើងឆេះផ្អើលទាំងព្រឹកក្នុងរោងស្តុបឈើប្រណិត ផ្ទះអតីត មន្ត្រីភូមិបាលក្រុងបាត់ដំបង មិនដឹងថា មានគេលួចដុតឬផ្ទុះស្សេខ្សែភ្លើង ច្បាស់លាស់ ព្រោះម្ចាស់មិននៅ បានអ្នកជិតខាងនិងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចចុះអន្តរាគន៏បាញ់ទឹកពន្លត់ ទប់ស្កាត់បានទាន់ពេលវេលា។ក្នុងហេតុការណ៏ភ្លើងឆេះនេះ ពុំបណ្ដាលឲ្យមនុស្សណាម្នាក់មានគ្រោះថ្នាក់រងរបួសឡើយ។
នគរបាលពន្លត់អគ្គីភ័យបានអះអាងសន្និដ្ឋានថា មូលហេតុភ្លើងឆេះរោងដាក់ឈើនេះ គឺបង្កមកពីឆ្លងចរន្តអគ្គិសនី កាលពីម៉ោង៩ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៤០ ក្រុមទី២ស្ថិតក្នុងភូមិអូរតាគាំ៣សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោក សូ មុនី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលតាឯក បានឲ្យដឹងថា រោងឈើដែលភ្លើងឆេះនេះ គឺជារបស់លោក ម៉ាច គឹមឆាយ អតីតមន្ត្រីភូមិបាលក្រុងបាត់ដំបង ។ បច្ចុប្បន្ន បានគ្រប់អាយុចូលនិវត្តន៏ហើយ ។ រោងដាក់ឈើនេះ គឺជាឈើផ្ទះចាស់ៗ ដែលរុះរើកាលពីធ្វើផ្ទះថ្ម មានទំហ៊ុំ៤ម៉ែត្រគុណ៨ម៉ែត្រ ។ លោក ម៉ាច គឹមឆាយ អតីតមន្ត្រីភូមិបាលក្រុង បាត់ដំបងដែលចូលនិវត្តន៏ នេះពុំបាននៅផ្ទះទេ គឺបានធ្វើដំណើរទៅខេត្តប៉ៃលិនបាត់ ។ ឯអ្នកនៅចាំផ្ទះ បានបិទទ្វារផ្ទះធំ ចេញទៅលក់ដូរនៅឯផ្សារអស់ ។ ពេលមានភ្លើងឆេះ ទើបអ្នកជិតខាងឃើញផ្សែងហុយចេញពីរោងដាក់ឈើ ទើបនាំគ្នាជួយដង ទឹកជះពន្លត់ហើយទូរស័ព្ទទៅហៅឡានទឹករបស់នគរបាលពន្លត់អគ្គីភ័យខេត្តបាត់ដំបងនិងប្រាប់ទៅម្ចាស់ផ្ទះបានដឹង។
មន្ត្រីអាវុធហត្ថបានអោយដឹងថា រោងដាក់ឈើប្រណិតនេះ មានប្រហែល២០សន្លឹកមានទំហំធំៗ និងមានគល់ឈើគ្រញូងផងដែរចំពោះការឆេះនេះមិនដឹងថា មានគេលួចដុតឬផ្ទុះស្សេខ្សែភ្លើងនោះទេ ព្រោះម្ចាស់មិននៅ ។
លោក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលពន្លត់អគ្គីភ័យខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងការបាញ់ទឹកពន្លត់អគ្គីភ័យនេះ គឺអង្គភាពបានបញ្ចេញឡានទឹកពន្លត់អគ្គីភ័យចំនួន២គ្រឿង ប៉ុន្តែពន្លត់អស់តែមួយគ្រឿងទេ រលត់ភ្លើងទាន់ពេលវេលា មិនឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងទេហើយក្នុងហេតុការណ៏ភ្លើងឆេះនេះគឺគ្មានអ្នកណាម្នាក់រងរបួសទេ ។ ចំពោះមូលហេតុភ្លើងឆេះនេះគឺខាងនគរបាលជំនាញ បានធ្វើការសន្និដ្ឋានជំហានដំបូងថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះមានខ្សែភ្លើងឆ្លងកាត់ក្នុងនោះច្រើនហើយមិនមានភ្លើងអុសចង្ក្រានអ្វីផ្សេងនោះទេ ហើយការខូចខាតអស់ប៉ុន្មាននោះម្ចាស់ផ្ទះមិនទាន់ប្រាប់នៅឡើយទេ ៕