ខេត្តព្រះវិហារ៖ កម្លាំងចម្រុះរដ្ឋបាលស្រុកឆែប សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ០៤ករណី មានឈើលេខ១ និងឈើលេខ២ ជិត៤០ម៉ែត្រគូប ត្រូវធ្វើការរឹបអូសទុកជាសម្បត្តិរដ្ឋ នៅក្នុងខែមករា ឆ្នាំ២០១៧ ។
លោកសុខ មុន្នីរិទ្ធ អភិបាលរងស្រុកឆែប ទទួលបន្ទុកគណៈបញ្ជាការឯកភាពស្រុក និងលោក សេង លាង នាយសង្កាត់រដ្ឋបាលព្រៃឈើម្លូព្រៃ-ឆែប បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឈើលេខ១ ប្រភេទសុក្រមបានចំនួន ៤៣កំណាត់ នៅចំនុចភូមិសង្កែមួយ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលឈ្មួញសន្និធិទុកចោល។
បច្ចុប្បន្ន វត្ថុតាង និងឈើចំនួន ៤៣កំណាត់ខាងលើ ត្រូវបានដឹកយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើបណ្តោះអាសន្ន ដើម្បីចងក្រងសំណុំរឿងបន្តទៅតាមនីតិវិធីច្បាប់។
បើតាមការឲ្យដឹងពី លោក សេង លាង នាយសង្កាត់ម្លូព្រៃ-ឆែប ថា ដោយមានការណែនាំចង្អុលបង្ហាញពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ឲ្យអង្គភាពជំនាញក្រោមឱវាទ យកចិត្តទុកដាក់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ និងដោយមានឆន្ទៈក្នុងការអនុវត្តតួនាទីភារៈកិច្ច ទើបការបង្ក្រាបបទល្មើសនៅក្នុងដែនដីរបស់ខ្លួន បានជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងខែមករា ឆ្នាំ២០១៧នេះ បង្ក្រាបបទល្មើសព្រៃឈើបានចំនួន ០៤ករណី រឹបអូសបានឈើលេខ១ និងលេខ២ បានចំនួនជិត៤០ម៉ែត្រគូប ទុកជាសម្បត្តិរដ្ឋផងដែរ។
លោក អភិបាលរងស្រុកឆែប សុខ មុន្នីរិទ្ធ បានឲ្យដឹងថា ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឲ្យរដ្ឋបាលស្រុកទូទាំងខេត្ត ដឹកនាំកម្លាំងចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទ ពិសេសការលួចកាប់ទន្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
រដ្ឋបាលស្រុកឆែប បានធ្វើការសហការជាមួយកម្លាំងចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងដែនដីរដ្ឋបាលស្រុកឆែបជាប្រចាំ ក្រោមការបញ្ជាដាក់ទិសដៅពីឯកឧត្តម អភិបាលខេត្តព្រះវិហារ ៕