រតនៈគិរី ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ចុះល្បាតតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៃស្លាបខាងស្តាំក្នុងភូមិសាស្ត្ររបស់ប៉ុស្តិ៍ ខ្លួនឃាត់ខ្លួនបុរសជនជាតិវៀតណាម ៣ នាក់ ចូលអាឈើដោយខុសច្បាប់ នៅទឹកដីកម្ពុជា កាលពីថ្ងៃ២៣ ខែមករា ឆ្នាំ២០១៧ បញ្ជូនទៅសួរនាំនិងធ្វើកិច្ចសន្យារួចប្រគល់អោយភាគីវៀតណាមវិញ ។
លោក អ៊ី ចំរើន ប្រធានប៉ុស្តិ៍អន្តោរប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិអូរយ៉ាដាវ បានអោយដឹងថា ជនជាតិវៀតណាមទាំង៣នាក់នោះ១- ឈ្មោះ A BRCNH ឆ្នាំកំណើត ១៩៨៦ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម ២- ឈ្មោះ A YIU ឆ្នាំកំណើត១៩៩៣ជនជាតិវៀតណាមនៅខេត្តកន្ទុម ប្រទេសវៀតណាម និង៣- ឈ្មោះ A CHAU ឆ្នាំកំណើត ១៩៨០
ជនជាតិវៀតណាមនៅខេត្តកន្ទុមប្រទេសវៀតណាម ។
លោកថា ជនជាតិវៀតណាមទាំង ៣ បានលួចឆ្លងដែនចូលមកអាឈើនៅកម្ពុជា កាលពីថ្ងៃ ២១ ខែមករា ឆ្នាំ២០១៧ តាមផ្លូវព្រៃ នៃខ្សែបន្ទាត់ព្រំដែនជិតបង្គោលព្រំដែនលេខ២៩ ដោយមកធ្វើការអោយ ជនជាតិវៀតណាមម្នាក់ទៀត ឈ្មោះ ធិន (បានរត់គេចខ្លួន បាត់) ។
លោកបន្តថា ក្រោយការឃាត់ខ្លួនទៅសួរនាំហើយនោះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលខេត្តរតនៈគិរី កម្លាំងនគរបាលប៉ុស្តិ៍បានអោយជនជាតិវៀតណាមទាំង ៣ នាក់ ខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែន ចូលមកអាឈើដោយខុសច្បាប់ក្នុងកម្ពុជាទៀត ។ ក្រោយមកសមត្ថិច្ចបានបញ្ជូនជនល្មើសទាំង ៣ នាក់ខាងលើ អោយទៅភាគីវៀតណាមវិញ នៅម៉ោង២២ និង៤៥នាទី ថ្ងៃខែឆ្នាំដដែលចាត់ការតាមផ្លូវច្បាប់ ៕