ប៉ៃលិន ៖ បុរសម្នាក់ស៊ីឈ្នួលដឹកឈើប្រណិតតាមម៉ូតូយកទៅចែកចាយតាមសិប្បកម្មពេលបើកចុះពីលើភ្នំអូរខ្ទីងចាប់ហ្វ្រាំងមុខដួលឈើសង្កត់លើបណ្តាលបាក់ជើងស្តាំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចភូមិក្រចាប់សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយបុរសរងគ្រោះ ទូរស័ព្ទហៅសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពពីសមត្ថកិច្ចអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឆាយ ឆៃ អាយុ២៨ឆ្នាំ របួសបាក់ជើងស្តាំ មានទីលំនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា គ្មានស្លាក លេខដឹកឈើប្រណិត រាងជ្រុង មានទំងន់៧០គីឡូក្រាម ។
ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះមានគ្នា ៤ នាក់ម៉ូតូ ៤ គ្រឿង បានជិះដឹកឈើតាមផ្លូវលើភ្នំអូរខ្ទីងសំដៅមកផ្ទះ បើកតាមផ្លូវផ្សេងគ្នា ពេល នោះខ្លួនបានគេចជង្គុក រួចចាប់ហ្វ្រាំងមុខក៏ដួលម៉ូតូ ហើយឈើបានសង្កត់លើ រើខ្លួនមិនរួច ក៏លូកយកទូរស័ព្ទក្នុងហោប៉ៅហៅបងប្អូនមកជួយ ដឹកយកទៅសង្គ្រោះនៅឯ មន្ទីរពេទ្យបង្អែកខេត្តតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះអោយបានធូរស្បើយច្រើន និងបានទៅសម្រាកនៅផ្ទះឆាប់ៗ ៕