ខេត្តកំពត ៖ លោកស្នងការឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ដឹកនាំ កម្លាំងអន្ដរាគមន៍ពិសេសសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចចុះបង្ក្រាបឃាត់ខ្លួននិង ប្រកាសកាត់ឈ្មោះ ចេញក្របខ័ណ្ឌ មន្ដ្រីនគរបាលខេត្តកំពតម្នាក់ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀន រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០១៧នេះនៅចំណុចភូមិថ្កូវឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត។ បុរសសង្ស័យជាមន្ដ្រីនគរបាលដែលចាប់ខ្លួននេះមានឈ្មោះទូចសុមុទ្ទអាយុ៤៥ឆ្នាំជាមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពតប្រចាំការនៅច្រកតន់ហន់។
ដោយក្នុងក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញដកហូតបានថ្នាំញៀនមួយចំនួនធំជាមួយនឹងការចាប់ខ្លួនមន្ដ្រីនគរបាលដែលចែកចាយគ្រឿងញៀននេះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រកាសកាត់ឈ្មោះជនសង្ស័យចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិហើយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងដាច់ណាត់ រួច កសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕