ខេត្តកំពង់ធំ ៖ ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបើកយុទ្ធនាការចុះបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្ស៨នាក់ក្នុងចំណោមមនុស្ស៨នាក់ គឺមានលោកសង្ឃម្នាក់ផងដែរ កំពុងធ្វើសកម្មភាព ចែកចាយ ជួយដូរគ្រឿងញៀនខុសច្បាប់ នៅ ម៉ោង៨.៣០នាទីយប់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ករណីចុះបង្ក្រាបគ្រឿងញៀននេះ គឺបានដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើឡើងពេញមួយថ្ងៃ ចាប់តាំងពីព្រឹក រហូតមកដល់ ម៉ោង៨.៣០នាទីយប់ថ្ងៃទី១៧នេះ លទ្ធផលដែលបង្ក្រាបបាន គឺសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ រថយន្តមួយគ្រឿង ទូរស័ព្ទដៃ២០គ្រឿង ថ្នាំញៀនប្រភេទបេតហ្វេតាមីន មួយកញ្ចប់ធំ ម៉ូតូ៣គ្រឿង ។
លោក អ៊ិត សុធា បានឲ្យដឹងថា ក្នុងចំណោម៨នាក់គឺមានលោកសង្ឃម្នាក់ ពីករណីប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នគង់នៅវត្តចំណាក់ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនសិស្សសាលាម្នាក់ ដែលដើរតួជាអ្នកនាំគ្រឿងញៀនទៅឲ្យសិស្សសាលាប្រើប្រាស់ ក្នុងវិទ្យាល័យសេរីសោភ័ណ ដែលកំលាំង សមត្ថកិច្ចយើងបានតាមដានយូរមកហើយ។
ក្រោយពីចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងយប់ និងរងចាំធ្វើកំណត់ហេតុនៅព្រឹកថ្ងៃទី១៨បន្ត ដើម្បីដំណើរការតាមនិតិវិធីច្បាប់ ដោយខណៈនេះជនសង្ស័យទាំង៨នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ក្នុងនោះ ក៏មានមហាជនអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដែលបាន ចុះបង្ក្រាបទប់ស្កាត់ការរាលដាល គ្រឿងញៀននៅក្នុងភូមិសាស្ត្រស្រុកស្ទោង នេះជាករណីទី២មកហើយ ដែលបានបង្ក្រាបគ្រឿងញៀន និងទទួលលទ្ធផលល្អប្រសើរដែលអាណាព្យាបាលសិស្សនិងប្រជាពលរដ្ឋឈប់មានកី្តបារម្មចំពោះគ្រឿងញៀន ៕