ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចំនួន១២២ដុំ ស្មើនិង២៧៥៨គីឡូក្រាម ត្រូវ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការណ៍ជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើវ៉ើនសៃ រួមនិងកម្លាំងអាវុធហត្ថស្រុកវ៉ើនសៃ ធ្វើការបង្ក្រាបបាននៅម៉ោង៩និង៤៥នាទី ថ្ងៃទី១៦មករា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិវង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគីរី ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីដែលចុះទៅបង្ក្រាបបានប្រាប់អោយដឹងថា រថយន្តខាងលើនេះម៉ាកសាំយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ2U-1080 ផ្ទុកដោយឈើប្រណិតប្រភេទធ្នង់ពេញ មួយរថយន្តបានធ្វើចរាចរណ៍ចេញពីស្រុកវ៉ើនសៃចូលមកក្រុងបានលុង លុះមកដល់ចំណុចខាងលើ ក៏ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីសហការណ៍ជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ និងអាវុធហត្ថស្រុកវ៉ើនសៃធ្វើការបង្ក្រាបបានតែម្តង។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការឃាត់រថយន្ត ភ្លាមនោះអ្នកបើកបររថយន្តឃើញសភាពមិនស្រួលក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ វត្ថុតាងដកហូតរថយន្ត១គ្រឿង ឈើចំនួន១២២ដុំ ស្មើនិង២៧៥៨គីឡូក្រាម ចំណែកម្ចាស់ឈើជំនាញកំពុងធ្វើការស្រាវជ្រាវទៅតាមនិតិវិធីដើម្បីអោយចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ព្រៃឈើ។
សមត្ថកិច្ចបានយករថយន្ត និងឈើមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី ចាត់ការបន្តទៅតាមនិតីវិធីច្បាប់ព្រៃឈើផងដែរ។
គួរបញ្ជាក់ផងដែរថាបើតាមប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃនិងសមត្ថកិច្ចមួយចំនួនសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់អោយដឹងថា រថយន្តសាំយ៉ុងលួចដឹកឈើប្រណិតខុសច្បាប់ខាងលើគឺជារថយន្តរបស់ឈ្មោះចិត្រ ដែលតែងតែធ្វើចរាចរណ៍ដឹកជញ្ជូនឈើប្រណិតចេញពីស្រុកវ៉ើនសៃនិងស្រុកកូនមុំយកទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូនផងដែរ មិនដែលឃើញសមត្ថកិច្ច ឫជំនាញធ្វើការបង្ក្រាបម្តងណាទេ ហើយនៅលើកនេះសង្ស័យមិនបានបង់លុយខែទើបសមត្ថកិច្ចបង្ក្រាបតែម្តង។ម្យ៉ាងទៀតឃ្លាំងឈើប្រណិតឈ្មោះវ៉ៃទៅពីស្រុកអូជុំដល់ឃុំកាចូនមានផ្ទះនៅឆ្វេងដៃមិនបង្ក្រាបនិងកន្លែងស្តុបឈើខាងជើងផ្ទះជប់ទប់ទី១ឃុំកាចូនរថយន្តចូលដឹករាល់យប់រំខានដំណេកប្រជាពលរដ្ឋក៏មិនបង្ក្រាបផងឬកន្លែងទាំងនោះបង់លុយអស់ហើយ។