ខេត្តបន្ទាយមានជ័យ ៖ នៅតារាងវាយសី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទការប្រកួតកីឡាវាយសី ពានរង្វាន់៧មករា ឆ្នាំ២០១៧ រវាងពូលAនិងB ។
ពិធីបិទការប្រកួតកីឡាវាយសីនេះ មានការចូលរួម ឯកឧត្តម គោ ស៊ុំសារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបម្ទាយមានជ័យ និងជានាយសេនាធិការ និងក្រុមកីឡាចំនួន៤០នាក់ បានចូលរួមផងដែរ។
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាវាយសីនេះ ឯកឧត្តម លី សារី បានមានប្រសាសន៍ថា ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់៧មករា នេះផ្តួចផ្តើមឡើងពីអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ទីរអប់រំនិងកីឡាខេត្ត ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៥ ខែមករា ឆ្នាំ២០១៧ ដែលមានកីឡាករចូលរួម២០ក្រុមស្មើ៤០នាក់ មាន២ពូល A និង B ។
ឯកឧត្តម លី សារី បានបញ្ជាក់ទៀតថា ក្នុងរយៈពេលការប្រកួតវាយសីចំនួន២ថ្ងៃនេះ ក្រុមកីឡានីមួយៗបានបញ្ចេញអស់ពីសមត្ថភាព កម្លាំងកាយចិត្ត និងបច្ចេកទេស ទេពកោសល្យដែលខ្លួនមាននិងប្រកបដោយក្រមសីលធម៌ទៀតផង។
ឯកឧត្តម លី សារី បានបញ្ជាក់ទៀតថា ក្នុងនោះអាជ្ញាកណ្តាលក៏បានប្រកាន់នូវគោលការណ៍យុត្តិធម៌ អព្យាក្រិត្យមិនលំអៀងប្រកបដោយតម្លាភាព ។
ក្នុងនោះដែរឯកឧត្តម លី សារី បានធ្វើការអំពាវនាវដល់ យុវជន យុវនារី សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់នាំគ្នាចូលរួមលេងកីឡាអោយបានគ្រប់ៗគ្នា ក្នុងគោលបំណងទ្រទ្រង់សុខភាពផ្លូវកាយផ្លូវចិត្ត ដើម្បីរីកលូតលាស់ផ្នែកសតិបញ្ញានិងជៀសអោយឆ្ងាយពីគ្រឿងញៀនទៀតផង។
លើសពីនេះទៅទៀត យុវជន យុវនារី សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងចលនាសង្គម រួមគ្នាធ្វើអំពើល្អ និងសកម្មភាពកីឡាសំដៅប្រែក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងមានគុណធម៌ សម្រាប់ការអភិវឌ្ឃន៍សង្គមនិងក្លាយជាទំពាំងល្អសម្រាប់បន្តវេនប្រទេសជាតិទៀតផង។ លោកលី សារី បានបញ្ជាក់ទៀតថា ក្រោយពីការប្រកួតកីឡាវាយសី អស់ពីសមត្ថភាពមានរយៈពេល២ថ្ងៃកន្លងមកនេះពានរង្វាន់៧មករាទទួលបានលេខ១ពូលAបានទៅលើក្រុមលោក សៀ គីរីរាជ និងលោក ប៊ុត អច្ឆរិយ៉ា លេខ២ បានទៅលើក្រុមលោកឧត្តមសេនីយ៍ វង្ស ធី និងលោកជួន សុភា។
ពូលBលេខ១បានទៅលើក្រុមសហភាពសព័ន្ធយុវជនម្ពុជាគឺ កញ្ញា ពាក់ សិឡា (ហៅ កញ្ញា បូ បូ) និងលោកនួន សុវណ្ណារ៉េតលេខ២បានក្រុមលោក ទ្រី គឹមស៊ៀ និងលោកលី សេង៕