ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបុរសម្នាក់ផឹកស៊ីស្រវឹង ជេរស្តីប្រពន្ធនិងយកដំបងអង្កត់អុសវាយប្រពន្ធរបួសធ្ងន់រហូតសន្លប់ កាលពីម៉ោង៨យប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦នៅភូមិរំដួលជើងភ្នំ សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចប៉ុស្តិ៍កូនក្រៀលបានឲ្យដឹងថា បុរសបង្កហឹង្សាឈ្មោះសល់ ផុន អាយុ៤១ឆ្នាំនិងជនរងគ្រោះជាប្រពន្ធឈ្មោះសុខ មនោរា អាយុ៣៩ឆ្នាំរបួសធ្ងន់សន្លប់ ទាំង២នាក់រស់នៅភូមិខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឈ្លោះគ្នាបង្កហឹង្សាបណ្តាលមកពីប្តីផឹកស្រវឹងហើយទាស់ទែងពាក្យសំដីគ្នា(មិនទាន់ដឹងថាសំដីយ៉ាងម៉េចទេព្រោះប្រពន្ធកំពុងសន្លប់ពុំទាន់ទទួលចម្លើយ) ។ ហើយបច្ចុប្បន្ន ជនសង្ស័យជាប្តីត្រូវបានឃាត់ខ្លួនយកទៅសួរនាំ រីឯស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានដឹកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ ៕