ខេត្តសៀមរាប៖តាំងល្បែងភ្នាល់ចាក់បាល់ និងល្បែងបៀរ ឡាយផ្ទាល់ពីកាស៊ីណូ នៅក្រុងសៀមរាបមិនទាន់មានការបង្ក្រាបដែលគេសង្ស័យថាភាគច្រើនជារបស់សមត្ថកិច្ចមួយចំនួនជាអ្នកបើករកស៊ីនិងកំពុងនាំគ្នាសប្បាយប្រមូលលុយដាក់ហោប៉ៅ ផ្ទុយនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេស ប្រសាសន៍ សម្ដេចក្រឡាហោម សខេង ដែលបញ្ជាឲ្យចាត់វិធានការក្តៅលើល្បែងស៊ីសងទាំងនោះ។
ទីតាំងល្បែងភ្នាល់ចាក់បាល់ និងល្បែងបៀរឡាយផ្ទាល់ពីកាស៊ីណូនោះ គេឃើញមាននៅចំនួន២សង្កាត់នៃកក្រុងសៀមរាប គឺនៅក្នុងសង្កាត់ស្វាយដង្គុំ និងសង្កាត់គោកចក ហើយគេដឹងថាមានទីតាំងភ្នាល់ចាក់បាល់ ចាក់បៀរ៣ទីតាំង គឺជារបស់លោកផ្កាយ១ម្នាក់ផងដែរហើយល្បែងទាំងនេះបង្កឲ្យមានភាពក្រីក្រនិងមានអំពើហឹង្សាមានចោរលួចចោរប្លន់ជាដើម។
អ្នកកញៀននិងល្បែងស៊ីសងឡាយផ្ទាល់ពីកាស៊ីណូ ប្រាប់ថាពួកគាត់លេងមានពេលចាញ់៧០ ទៅ៩០ភាគរយ ឱកាសឈ្នះតិចណាស់ ដោយចូលទៅចាក់បាល់ម្នាក់ៗក្នុង១ថ្ងៃចាញ់អស់រាប់រយដុល្លាឯណោះ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ឆ្លើយតបតាមទូរស័ព្ទ លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាបថាជាប់ប្រជុំនៅស្នងការ ។
ដោយឡែក លោក ហា ដាលុច មេបញ្ជារការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលផែនសេដ្ឋកិច្ច បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាលោកមិនស្គាល់ទីតាំងល្បែងស៊ីសងនោះទេ លោកថានិងឲ្យកម្លាំងរបស់លោក ចុះធ្វើការស្រាវជ្រាវ៕