ខេត្តឧត្តរមានជ័យ ៖ ឈើគ្រញូងប្រជាពលរដ្ឋស្ពាយមកពីប្រទេសថៃអត់លក់ឲ្យមន្ត្រីយោធាឈ្មោះ ដុះ ឈជើងព្រំដែនថៃត្រូវសមត្ថកិច្ចចម្រុះឈរជើងចំណុចបង្គោលឡាក់១៣ បង្ក្រាបដកហូត នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបង្គោលឡាក់លេខ១៣ ស្ថិតនៅភូមិស្រះទឹក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពបានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានធ្វើការឃាត់ ប្រជាពលរដ្ឋខ្មែរ ដែលស្ពាយឈើគ្រញូងចុះពីទឹកដីថៃ នៅចំណុចបង្គោលឡាក់លេខ១៣ ដោយធ្វើការរឹបអូសឈើគ្រញូងជាង ៣០ដុំ និងបាននាំយកទៅស្នាក់ការខេត្ត ក្រោយពីមិនលក់ឲ្យឈ្មោះ ដុះជាន្ត្រីយោធា ប៉ុន្តែក៏មិនបានធ្វើការឃាត់ខ្លួនកម្លាំងពលរដ្ឋនោះឡើយ ។
ពលរដ្ឋខ្មែរដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បាននិយាយថា ពួកគេឡើងភ្នំឆ្លងដែនចូលទឹកដីថៃរកកាប់ឈើគ្រញូង គឺមានគ្នីគ្នាជាច្រើននាក់ ហើយក្នុងនោះ ក៏មានកម្លាំងរបស់ឈ្មោះ ដុះ ដែរ។ តែនៅពេលពួកគាត់ បានឈើគ្រញូង ក៏ស្ពាយត្រឡប់មកដីខ្មែរវិញ ហើយបានហៅ មនុស្សម្នាក់ឈ្មោះ តាលុង ដែលជាមេការប្រចាំការទិញឈើគ្រញូងឱ្យឈ្មោះ ដុះ។ តែពួកគាត់មិនព្រមលក់ឱ្យ ព្រោះឱ្យតំលៃថោកពេក ហើយស្រាប់តែមួយសន្ទុះក្រោយមក ក៏មានកម្លាំងសមត្ថកិច្ចទៅចាប់ពួកគាត់ និងរឹបអូសឈើអស់តែម្តង។
ពលរដ្ឋបានបញ្ជាក់ថា ដោយឡែកកម្លាំងដែលស្ពាយឈើគ្រញូងលក់ឱ្យឈ្មោះ ដុះ គឺពុំមានសមត្ថកិច្ចធ្វើការចាប់ខ្លួននោះឡើយ។ ប៉ុន្តែទីតាំងស្តុកឈើគ្រញូង របស់ឈ្មួញឈើគ្រញូងរបស់ឈ្មោះ ដុះ ជាន្ត្រីយោធានៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២នៅជិតនោះចំងាយប្រមាណជា ៣០០ម៉ែត្រ មិនមានសមត្ថកិច្ចណាហ៊ានទៅបង្ក្រាបរឹបអូសយកទេ ៕