ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋរាយការណ៍ថាមេឈ្មួញដ៏ល្បីឈ្មោះ សេង ហ៊ុង ត្រូវបានគេរាយការណ៍ថា ជាកូនធម៌របស់ លោក ណៅ ធួក ជំនាញខាងប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទគ្រប់រដូវកាល នៅក្នុងឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ។
ប្រជានេសាទ បានឲ្យដឹងថា មានមេឈ្មួញជនជាតិយួន ម្នាក់គឺជាអ្នករត់ការប្រមូល លុយពីក្រុមជនល្មើស ប្រើឧបករណ៍ខុសច្បាប់ យកទៅជូនមន្ត្រីរដ្ឋបាល ជលផលទើបអ្វីៗអាច ប្រព្រឹត្តដោយរលូន។
តាមការអះអាងរបស់ប្រជា នេសាទក្នុងស្រុកទាំង២ខាងលើ បានឲ្យដឹងទៀតថា ជនជាតិយួនឈ្មោះ សេង ហុង គឺជាអ្នកកាង បទល្មើស នេសាទ ហើយប្រមូលលុយពីក្រុមជនល្មើសឲ្យមន្ត្រីរដ្ឋបាលជលផល ក្នុងមួយលើកៗមិនតិចជាង២០ម៉ឺនដុល្លារនោះទេ។
មានការសង្ស័យថា មេរដ្ឋបាលជលផលខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ និងអគ្គនាយករដ្ឋបាលជលផល លោក អេង ជាសាន ជា អ្នកទទួលផលប្រយោជន៍ច្រើនជាងគេ ទាក់ទងទៅនឹងបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាប នៃស្រុក កំពង់ស្វាយ និងស្រុកស្ទោង ជាពិសេសឧបករណ៍ឆ្នុកប្រើភ្លើងពណ៌។
ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើស នេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផលគ្រប់ លំដាប់ថ្នាក់មិនចាត់វិធានការបង្ក្រាបនោះទេ។
សេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលស្រុកស្ទោង ស្រុកកំពង់ស្វាយ និងមេរដ្ឋបាលជលផលខេត្តកំពង់ធំ ទទួលលុយ ពីក្រុមជនល្មើសទើបបណ្ដោយឲ្យក្រុមជនល្មើសដែលជាជនជាតិយួនប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ។
សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរក្នុងឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្នុងរដូវភ្ជុំបិណ្ឌ កាលពី ខែតុលា រហូតដល់ពាក់កណ្ដាលខែវិចិ្ឆកា ឆ្នាំ២០១៦ គឺជនជាតិយួនឈ្មោះ សេង ហុង ហៅអាហុងក្បាលដែក ប្រមូលលុយពីក្រុម អ្នកប្រព្រឹត្តបទល្មើសនេសាទមិនក្រោម៤លានរៀលឬប្រហាក់ប្រហែល១២ម៉ឺនដុល្លារនោះទេ។ ដោយសារតែមានមេខ្យល់សម្រាប់ប្រមូល លុយពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់បែបនេះហើយ ទើបបទល្មើសនេសាទប្រើឧបករណ៍ឆ្នុកនៅតំបន់បាឡត ពាមបាង ពាមកង ម៉ី បាវើយ ដូនស្ដើង ក្នុងឃុំពាមបាង រាលដាលកាន់តែខ្លាំងឡើងៗ។ ចំណែកនៅឃុំផាត់សណ្ដាយ ចាប់ពីចំណុចកន្លុកបាយក្អែក ព្រែកក្រ សោម តំបន់កដប ក្បាលកោះតាប ខ្វែងក្របី ក៏បទល្មើសប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំងដែរ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គួរចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងខេត្តកំពង់ធំជាបន្ទាន់ ៕