0

លោក វ៉ិត គង់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​

លោក វ៉ិត គង់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​

ខេត្ត​ប៉ៃលិន ៖ សេចក្តី​រាយ​ការណ៏​ឲ្យដឹងថា​លោក វ៉ិត គង់ ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ ឡើង​ជំនួស​លោក ម៉ៅ សំអឿន ដែល​ថ្នាក់លើ​ដក​យក​ទៅ​បញ្ឈរជើង ដោយសារ​រឿង ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ។
​ការកោះហៅ​លោក​ម៉ៅ​សំអឿន​នេះ​មាន​ការសន្និដ្ឋាន​ថា​អាច​ជា​សកម្មភាព​គោះ​ទឹក​តែប៉ុណ្ណោះ ព្រោះ​ករណីនេះ លោក​មេ​គយ​ធំ​ធ្លាប់បាន​ធ្វើ​ចំពោះ​មេ​គយ​ច្រក​អូរ​រំដួល​ម្តង​ហើយ​បាន​តែ​មួយ​ដង្ហើម​ចង្រឹត​ក៏​បញ្ជូន​ត្រឡប់​ទៅវិញ ។ ទោះជា​យ៉ាងណា សម្រាប់​វត្តមាន លោក វ៉ិត គង់​កាន់អំណាច​ជា​មេ​គយ​ច្រក​ព្រំ​តាំងពី​ខែ​សីហា​នេះ​មក ។​

​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​ឲ្យដឹង​ថា​គ្មាន​អ្វី​ប្រែប្រួល ដើម្បី​បង្កើន​ចំណូល​ពន្ធគយ នៅឡើយ​ទេ​។ ពោល​គឺ​លោក វ៉ិត គង់ កំពុង​បន្ត​អនុវត្តន៍ រូបមន្ត​របស់ មេ​គយ​ជំនាន់​មុន ក្នុងការ​រក្សាទុក មេ​ឈ្មួញ ៦​ទៅ​៧ នាក់ ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយ​បង់ពន្ធ​មិន​គ្រប់ ទុក​ស៊ី​ដដែល​ហ្នឹង ។​

​មន្ត្រី​តូចតាច បានឲ្យដឹងថា កន្លងទៅ លោក វ៉ិត គង់ កាន់តំណែង​ជា អនុប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ ច្រក​អន្តរជាតិ​ព្រំ គាត់​ក៏​មាន​ចំណែក ក្នុង​ការប្រព្រឹត្ត អំពើពុករលួយ និង​ទទួល សំណូក​ពី​ឈ្មួញ ជា​មុខសញ្ញា បង់ពន្ធ​មិន​គ្រប់​ឥឡូវ​ពេល​ទទួលបាន​តំណែង​ជា ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​ព្រំ លោក វ៉ិត គង់ វា​ដូចជា​ឲ្យ​គាត់​ជិះសេះ​លែងដៃ ព្រោះ​គាត់​មាន​ទម្លាប់ ចាំ​ទទួល​ផល ពី​ការ​នាំចូល ទំនិញ​ខុសច្បាប់ របស់​ឈ្មួញ​ធំៗ ដែលមាន ទំនាក់ទំនង​ល្អ ជាមួយ​គាត់​កាលពី​មុន​រួច​ទៅ​ហើយ ។​

​ប្រភព​បាន​បង្ហើប​ថា សព្វថ្ងៃនេះ​លោក វ៉ិត គង់ កំពុង​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ ចូល​ទឹកដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង​មួយ​ខែៗ មិនតិច​ជាង ៣០០​រថយន្ត ធំៗ​នោះទេ​។​ឈ្មួញ​ធំៗ​ដែល​គេ​ដឹងថា​ក្នុង​ការនាំ​ទំនិញ​ចូល​តាម​ច្រក​ព្រំ​នេះ​ជា​អាទិ៍​ក្រុមហ៊ុន​របស់​អ្នកមាន​អំណាច​នៅ​ក្រុង​ខេត្ត​និង​ឈ្មួញ​ក្រុមហ៊ុន​ធី​គា​ដ៏​ល្បីល្បាញ​។

​ប្រភព បាន​ទម្លាយ​ឲ្យដឹងថា រាប់សិប​ឆ្នាំ​មកហើយ ក្រុម​ឈ្មួញ​បាន​នាំ​ចូល ទំនិញ​គេច​ពន្ធ តាម​ឡាន​យី​ឌុបៗ ក៏ដូចជា កុងតឺន័រ ភាគច្រើន​ជា​ប្រភេទ​ទំនិញ ខុសច្បាប់ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ដោយ បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ នាំ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ រាប់​សិប​លាន​រៀល ក្នុង​មួយ​ខែៗ​។​

​រថយន្ត​កុងតឺន័រ ភាគច្រើន បាន​ដឹក ប្រភេទ រថយន្ត​ទំនើបៗ​កាត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់ និង​មួយចំនួនទៀត ជា​ស្រា ភេសជ្ជៈ ទំនិញ​ចាប់ហួយ ហើយ​រាល់​ទំនិញ​គេច​ពន្ធ ឆ្លងកាត់​តាម ច្រក​អន្តរជាតិ​ព្រំ ដែល​គេ​ជឿ​ថា​បើ​គ្មាន​ការបើក​ភ្លើង​ខៀវ ពី​លោក ទុំ ណូ ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ផង​ដែរ​ទើប អ្វីៗ​ក៏​អាច​ដំណើរការ ដោយ​រលូន​ល្អ​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​ពាក់ព័ន្ធ​ករណី​នេះ យើង​មិន​ទាន់​អាច ទាក់ទង​លោក វ៉ិត គង់ ប្រធានការិយាល័យ​គយ ច្រក​ព្រំ ដែល​ទើបនឹង ឡើងកាន់តំណែង ដើម្បី​បំភ្លឺ​បានទេ ។​
​ប៉ុន្តែ​មន្ត្រី​គយ បាន​ទម្លាយ​ថា ទាំង​ប្រធាន​សាខា និង​ប្រធាន​ការិយាល័យ បាន​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ផលប្រយោជន៍ យក​ទៅ​បែងចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ទៅ​តាម​រូបមន្ត​ចាស់​។

​កាលពី​ថ្ងៃ​ទី​៩​តុលា​ឆ្នាំ​២០១៦​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជម្រុញ​ការប្រមូល​ពន្ធ​គយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​៕

 

custom_pailin_bot

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!