សៀមរាប៖ នៅវេលាម៉ោង ០៦ៈ២០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សន្តិសុខសណ្ឋាគារម្នាក់បានប្រទះឃើញជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្បែរសណ្ឋាគារលានជល់ដំរី ជ្រុងខាងកើត។ ករណីនេះកើតឡើងនៅភូមិមណ្ឌល់១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ PHILLIP HOUSTON ROLEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មកស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ បន្ទប់លេខ៤០ ជាមួយប្រពន្ធ។
ប្រពន្ធនៃសព បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលយើងថា ជនរងគ្រោះបានផឹកស្រាស្រវឹងតាំងពីល្ងាច រហូតដល់ជិតភ្លឺ នៅតំបន់ផាប់ស្ទ្រីតទើបត្រឡប់មកសណ្ឋាគារវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងលោកគ្រូពេទ្យអមតុលាការខេត្តសៀមរាបបានចុះទៅពិនិត្យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះផឹកស្រាហួសកំណត់ អាចបណ្ដាលឲ្យគាំងបេះដួង ហើយដួលបោកក្បាលនៅលើការ៉ូបណ្ដាលឲ្យដាច់សសៃឈាមខួរក្បាលស្លាប់។
បច្ចុប្បន្នសពត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ រងចាំមានការឯកភាពពីស្ថានទូតជាមុនសិន។