(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានផ្ដល់ម៉ូតូ Honda Dream ឆ្នាំ២០១៧ មួយគ្រឿង ដល់តារាចម្រៀងជើងចាស់ នៅផលិតកម្ម ហង្សមាស លោក រិន សាវ៉េត ដែលមានជីវភាពក្រលំបាក រស់នៅក្នុងផ្ទះជួលជាមួយប្រពន្ធ និងកូន។
លោក អភិបាលខណ្ឌ បានបញ្ជាក់ពីជីវិតដ៏កំសត់ របស់លោក រិន សាវ៉េត យ៉ាងដូច្នេះថា «ពិតជាអាណិត សាវ៉េត ណាស់ គាត់ជាអ្នកផ្សងព្រេង ពីខេត្តបន្ទាយមានជ័យ មកធ្វើការងារ ជាជាងសំណង់ នៅរាជធានីភ្នំពេញ បន្ទាប់មកក្លាយខ្លួនជាតារាចំរៀងដ៏ល្បី ភាពជាមនុស្សស្លូតបូត របស់សាវ៉េត ត្រូវបានឯកោគ្មានអ្នកជួយទំនុកបំរុង សាវ៉េត រស់នៅផ្ទះជួលជាមួយប្រពន្ធ និងកូនក្នុងជីវភាពលំបាក តើខ្ញុំជាអ្នកមកពីបន្ទាយមានជ័យដែរ គឺមិនអាចអោបដៃ មើលសាវ៉េត រស់នៅក្នុងស្ថានភាពលំបាក បែបនេះបានឡើយ អ្វីដែលខ្ញុំជួយសាវ៉េតបានគឺខ្ញុំជួយ»។
លោក ឃ្លាំង ហួត បានឲ្យដឹងថា មូលហេតុបានជាលោក សម្រេចចិត្តជួយតារាចម្រៀងជើងរូបនេះ ព្រោះថា លោក រិន សាវ៉េត ជាមនុស្សល្អ ទន់ភ្លន់ស្លូតបូត មិនចេះអែបអប រស់តាមសម្ថតភាពខ្លួនអែង ហើយសាវ៉េតជាតារាចម្រៀង ច្រៀងបទលំនាំដើមបានពិរោះ ហើយស្ថិតនៅក្នុងជួរតារាល្បី ដោយមូលហេតុភាពស្លូតបូត ទន់ភ្លន់ មិនចេះត្អូញសុំ គឺធ្វើឲ្យអ្នកដ៏ទៃមើលរំលង។
លោកអភិបាលខណ្ឌជ្រោយចង្វារ បានផ្ដាំផ្ញើថា «ចាប់ពីថ្ងៃនេះតទៅ ត្រូវខិតខំតស៊ូ ក៏សាងជីវិតបន្តទៀតទៅមុខទៀត ខ្ញុំនៅជាមួយសាវ៉េតជានិច្ច ខ្ញុំសូមថ្លែងអំណរគុណដល់ ឧកញ៉ា សៅ វល្ស័ក ដែលបានផ្ដល់ទុនការសិក្សាដល់កូនរិនសាវ៉េត។ សូមឲ្យវប្បធម៌ចែករំលែក ស្ថិតនៅក្នុងក្រអៅបេះដូងខ្មែរ គ្រប់ៗគ្នា»៕