ភ្នំពេញ៖ អាថ៌កំបាំងហាក់ត្រូវបានលាតត្រដាងអស់ហើយជុំវិញករណី លោក ជុន ច័ន្ទបុត្រ ដែលបាននឹងកំពុងប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន។ កាលពីមុននេះ គេអាចគ្រាន់តែបានឮការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានលក្ខណៈលម្អៀងផ្កាប់មុខ មានលក្ខណៈបំប៉ោង បំភ្លៃ ញុះញង់ ជាពិសេសក្នុងបទអត្ថាធិប្បាយនយោបាយរបស់ លោក ជុន ច័ន្ទបុត្រ ជ្រកក្រោមស្លាក «បទវិភាគ»។ ស្តាប់ទៅគួរឲ្យហួសចិត្តដែលអ្នកកាសែតរូបនេះ យកវេទិកាវិទ្យុអាស៊ីសេរី ទៅបម្រើនយោបាយចំៗបែបនេះ។ ជុន ច័ន្ទបុត្រ មិនញញើតនឹងប្រើពាក្យពេចន៍ចំអកឡកឡឺយ គ្រប់បែបយ៉ាង ទៅតាមអារម្មណ៍ផ្ទាល់ខ្លួន ទោះជាវិជ្ជាជីវៈអ្នកសារព័ត៌មានបានហាមឃាត់ក៏ដោយ។
វាក៏ជាចម្ងល់មួយដែរថា ហេតុអ្វីបានជាមេវិទ្យុអាស៊ីសេរី បណ្តោយឲ្យសកម្មជននយោបាយដូចជា លោក ជុន ច័ន្ទបុត្រ យកវិទ្យុរបស់ខ្លួនទៅបម្រើនយោបាយយ៉ាងគឃ្លើនបែបនេះ? ឬមួយក៏មេធំវិទ្យុអាស៊ីសេរី ដែលជាជនជាតិអាមេរិកាំងមិនបានដឹងរឿងនេះទេ? ចុងក្រោយនេះ ជុន ច័ន្ទបុត្រ បានបង្ហាញមុខមាត់របស់ខ្លួនយ៉ាងច្បាស់ថា គាត់ជាសកម្មជនជួរមុខរបស់គណបក្សសង្គ្រោះជាតិ។ មានភស្តុតាងជាក់ច្បាស់បំផុតជាច្រើនដែលមិនអាចប្រកែកបាន៖
ភស្តុតាងទី១៖ ជុន ច័ន្ទបុត្រ បានជិះយន្តហោះពីទីក្រុងវ៉ាស៊ីនតោន ទៅដល់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីទៅចូលរួមធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត ដែលទៅបំពេញទស្សនកិច្ចនៅទីនោះ ដោយប្រើប្រាស់វិទ្យុអាស៊ីសេរី ជាឧបករណ៍បំប៉ោងសំឡេង និងបំផ្លើសការពិតដើម្បីឲ្យអ្នកស្តាប់ដែលមិនដឹងរឿងខំជឿតាមថាមានមនុស្ស ៥០០នាក់ចូលរួម តែតាមពិតមានតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ។