ខេត្តបាត់ដំបង ៖ ផ្ទះល្វែងចំនួន២ខ្នង ត្រូវបានអគ្គីភ័យ១ឆាបឆេះ អស់ស្ទើរទាំងស្រុង ខណៈពេលម្ចាស់បិទទ្វារចាក់សោរចេញទៅហូបបាយនៅផ្ទះ១ទៀត តាមទំលាប់រៀងរាល់ថ្ងៃ នេះបើតាមប្រភពពីកន្លែងកើតហេតុបានលើកឡើងពីម្ចាស់ផ្ទះក្បែរខាងគ្នាដែលរងគ្រោះដោយសារភ្លើងឆាបឆេះនេះដែរ។
សាក្សីដដែលបន្តថា ផ្ទះល្វែងទាំង២ខ្នងមានមុខរបរលក់ដូរខុសគ្នា,ផ្ទះ១លក់ទូរស័ព្ទម្ចាស់ផ្ទះឈ្មោះ ចិន ខ្មៅ មុខរបរ លក់ទូរស័ព្ទផង និងកាប់ជ្រូកលក់ផង និងម្ចាស់ផ្ទះ១ទៀត មិនស្គាល់ឈ្មោះ មុខរបរលក់ឥវ៉ាន់ចាប់ហួយ អណ្តាតភ្លើងបានបង្កមកពីផ្ទះលក់ឥវ៉ាន់ចាប់ហួយមុន (គ្រឿងទេស) អាចភ្លើងចង្រ្កានឬទុសេខ្សែភ្លើង ព្រោះម្ចាស់ផ្ទះតាមទម្លាប់ល្ងាចឡើងបិទទ្វារទៅហូបបាយនៅផ្ទះ១ទៀត។
ហេតុការណ៏ឆាបឆេះផ្ទះនេះ កើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅទល់មុខផ្សាបវេល បណ្តាលឲ្យឆេះផ្ទះអស់ចំនួន២ខ្នងផ្ទះធ្វើពីថ្មខាងមុខ,ខាងក្រោយឈើ។ ការឆាបឆេះនេះ មិនទាន់ដឹងពីមូលហេតុទេ រថយន្តពន្លត់អគ្គីភ័យស្រុកបានឆាញ់ទឹកអស់ជាច្រើនឡាន។
សមត្ថកិច្ចដដែលបន្តថា ទំហំនៃការខូចខាត និងឈ្មោះម្ចាស់ផ្ទះនៅមិនទាន់ដឹងទេ សមត្ថកិច្ចកំពុងជួយពន្លត់សិនដោយសារការឆាបឆេះលឿនពេក និងស្រាវជ្រាវរកមូលហេតុ ហើយក៏មិនទាន់ទទួលព័ត៌មានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សដែរ៕