ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នេះកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបញ្ជូននារីវ័យក្មេងម្នាក់មានសាធារតុញៀនក្នុងខ្លួន និងវត្ថុតាងទៅសាលាដំបូរខេត្តសៀមរាប។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបករណីរក្សាទុកប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនចំនួន ០៤កញ្ចប់ និងរបស់របរមួយចំនួនទៀត យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលបាលប្រឆាំងគ្រឿងញៀន ជាតំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរង ជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានម្នាក់ឈ្មោះ ពិញ អុក ហៅ អ៊ឹម សៀវម៉ី ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមានថ្នាំញៀនប្រភេទម្ស៉ៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់តូច និង ទូរស័ព្ទដៃចំនួន ០២គ្រឿង។ លោកនាយការិយាល័យបានបញ្ជាក់ថា ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា រូបគេពិតជាបានរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតមែន៕