ខេត្តស្ទឹងត្រែង ៖ កងម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនយាយព្រឿងមេក្លោងឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្តបានហើយដែលឈ្មួញម្នាក់នេះកំពូលមានឥទ្ធិពលក្នុងការប្រព្រឹត្តបទឱក្រឹដ្ឋកម្មព្រៃក្នុងស្រុកខ្មែរតំបន់ភាគឦសាន្ត។ចំណែកអជ្ញាធរមួយចំនួនក្នុងខេត្តស្ទឹងត្រែង~ក្រចេះធ្វើបរិវារស៊ីពែយាយព្រឿងភ្លេចការងារមិនដែលបង្ក្រាបនោះទេកន្លងមក។
យាយព្រឿងជនជាតិវៀតណាមដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្តនិងមានទីតាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងក្រុមស្រាវជ្រាវព័ត៌មាននិងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបានហើយកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ខណៈពីមេឈ្មួញដ៏ធំរូបនេះ បានយករថយន្ត២គ្រឿង និងកម្មករ៧នាក់ មករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបចាប់ ហើយនាំយកមករក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ ។
គួរបញ្ជាក់ថាកាលពីវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ រកឃើញគំនរឈើដ៏ច្រើន ត្រូវបានគេយកទៅលាក់ទុកនៅក្នុងដីចម្ការ ស្ថិតក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនោះជាប្រភេទឈើប្រណីតដែលមានចំនួនដ៏ច្រើនត្រូវបានក្រុមការងារស្រាវជ្រាវព័ត៌មាននិងបង្ក្រាបបទល្មើសព្រៃឈើ សហការជាមួយរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនឈើទាំងនោះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់តាំងពីរសៀលថ្ងៃទី១២ ខែតុលា រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទើបរួចរាល់ ដែលឈើទាំងនោះ មានចំនួន៦ឡានសាំយ៉ុង និង៦ឡានបែន ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ស្រាប់តែនៅវេលាម៉ោង៤ព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៦ ក៏មានវត្តមានយាយព្រឿង ថៅកែឈ្មួញឈើល្មើសច្បាប់ ជាមួយកម្មករ៧នាក់ និងរថយន្ត២គ្រឿង ១គ្រឿងម៉ាកបាឡែនពណ៌សនិងមួយគ្រឿងទៀតម៉ាកសាំយ៉ុងចូលមករំដោះឈើនិងឡោមព័ទ្ធមកលើកងកម្លាំងដែលកំពុងយាមឈើនៅក្នុងទីតាំងនោះថែមទៀត ។
សមត្ថកិច្ចបានឃាត់ខ្លួនយាយព្រឿងក្នុងបទល្មើសជាក់ស្តែងមករំដោះឈើនៅក្នុងបរិវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ ។ ដោយឡែក កម្មករ៧នាក់ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។
ពាក់ព័ន្ធទៅនឹងករណីយាយព្រឿងចូលមករំដោះឈើសង្ស័យមានអំពើឃុបឃិតគ្នាណាមួយ រវាងរដ្ឋបាលព្រៃឈើ ជាមួយនឹងយាយព្រឿង ខណៈឈើត្រូវបានរក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរួចរាល់រួមទាំងចាក់សោតែមានវត្តមានយាយព្រឿងចូលទៅក្នុងបរិវេណជាមួយនឹងកម្មករ៧នាក់ ដើម្បីរំដោះឈើ ចំណុចនេះ មានន័យថាមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំការនៅទីនោះ អាចចាក់សោឲ្យក្រុមយាយព្រឿងចូល រួចខ្លួនបែរជាទៅសម្ងំដេក ដើម្បីបំភ័ន្តសមត្ថកិច្ច ។
មួយរយៈកន្លងទៅនេះក្រុមការងារស្រាវជ្រាវព័ត៌មាននិងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបំពេញការងារដ៏សស្រាក់សស្រាំចុះស្រាវជ្រាវព័ត៌មាននិងបង្ក្រាបបទល្មើសព្រៃឈើដូចជាករណីឈើជាច្រើនកំណាត់នៅក្នុងដីចម្ការ ស្ថិតនៅក្នុងភូមិឃុំស្រែក្រសាំង ស្រុកសៀមបូក គឺឈ្មួញយាយ ព្រឿង នេះតែម្តងបានយកទៅលាក់ទុកស្ទើរតែគ្រប់ទីកន្លែង ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការរុករក ។
ពាក់ព័ន្ធទៅនឹងករណី ដែលយាយព្រឿង នាំកម្មករទៅរំដោះឈើនៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ មិនត្រឹមតែសង្ស័យថា ជំនាញរដ្ឋបាលព្រៃឈើរបស់លោក ឆៀង តុលា មានករណីឃុបឃិតគ្នាជាមួយយាយព្រឿង ប៉ុណ្ណោះទេ សូម្បីតែករណី រដ្ឋបាលព្រៃឈើ ប្រើប្រាស់រថយន្ត និងកម្មករ មកដឹកជញ្ជូនឈើនៅក្នុងដីចម្ការខាងលើ ដែលក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើប្រគល់ឲ្យ ក៏ត្រូវបានគេដឹងថា ជំនាញរដ្ឋបាលព្រៃឈើ បានយករថយន្ត និងកម្មកររបស់យាយព្រឿង មកធ្វើជាមធ្យោបាយដឹកជញ្ជូនឈើទាំងនេះ យកទៅរក្សាទុកនិងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ទៀតផង ។
ការបង្ក្រាបបទល្មើសព្រៃឈើនិងឈានដល់ឃាត់ខ្លួនយាយព្រឿងដែលជាឈ្មួញល្មើសច្បាប់ដ៏ធំនៅភូមិភាគឦសាន្តត្រូវបានមជ្ឈដ្ឋានទូទៅមានការគាំទ្រចំពោះចំណាត់ការរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលខិតខំបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលជោគជ័យ ទន្ទឹមនឹងករណីនេះផងដែរសមត្ថកិច្ចក៏បន្តនីតិវិធីបើកការស្រាវជ្រាវពីបញ្ហាមន្ត្រីរដ្ឋបាលព្រៃឈើ ហេតុអ្វីក៏មានការពាក់ព័ន្ធជាមួយនឹងយាយព្រឿងឈានដល់ការឃុបឃិតរំដោះឈើនៅក្នុងបរិវេណដែលខ្លួនគ្រប់គ្រងថែមទៀត?
តែយ៉ាងណាមន្ត្រីខ្លះនិងប្រជាពលរដ្ឋបានលើកឡើងដោយបានស្នើសុំអោយអជ្ញាធរថ្នាក់ជាតិអោយដឹងថា គួរតែចាប់មន្ត្រី ដូចជាលោក ឆៀង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងមកផ្តន្ទាទោសពីព្រោះជំនាញដូចលោកឆៀងតុលានេះអង្គុយតែក្នុងប៉ូរ៉ូចាំតែប្រមូលលុយពីការបើកដៃអោយក្រុមយាយព្រឿងរកស៊ីបទល្មើសឈើយូរឆ្នាំណាស់មកហើយ ដោយមិនបង្ក្រាបម្តង់សោះឡើយទៅលើយាយព្រឿង ។
ដោយឡែក លោក មុំ សារឿន ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែងក៍មិនខ្ចីមានវិធានការក្នុងចេតនាបង្ក្រាប និងទប់ស្កាត់បទល្មើសឈើយ៉ាងផុសផុលរបស់យាយព្រឿងនោះដែរ កុំថាឡើងកន្លងទៅ សម្តេចប្រមុខរដ្ឋបានដាក់ចេញអោយមានការបង្ក្រាបនិងទប់ស្កាតរាល់បទល្មើសព្រៃឈើនៅលើខេត្តចំនួន៥ក្នុងតំបន់ភាគឦសាន្តថ្មីៗនិងសើមៗយ៉ាងណាក្តីសំខាន់មិនខ្វល់៕ យុវជន