ភ្នំពេញ ៖ ប្រទេសកម្ពុជា និងចិនជាប្រទេសជិតខាងល្អដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីនេះមានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ នៅខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និងលោក ជូ អ៊ីនឡាយ នាយករដ្ឋមន្រ្តីចិនបានជួបគ្នានៅក្នុងសន្និសីទអាស៊ីអាហ្រ៊ីកនៅទីក្រុងបានឌុង ដែលប្រការនេះបានក្លាយទៅជាទីចាប់ផ្តើមថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសកម្ពុជា និងចិនបានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជានិងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជានិងចិនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យដូចជាផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបាននូវសមិទ្ធផលយ៉ាងច្រើនទៀតផង ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមិត្តភក្តិចាស់របស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ប្រទេសចិនសុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបានក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជានិងចិន។ ជាច្រើនទសវត្សរ៍កន្លងមកនេះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អានជាមួយប្រទេសចិនព្រមទាំងបានស្នាក់នៅក្នុងប្រទេសចិនអស់រយៈពេលជាយូរទៀតផង ។
គួរឲ្យសោកស្តាយបំផុតគឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលទិវង្គតនៅក្រុងប៉េកាំងប្រទេសចិន។ នាពេលនោះថ្នាក់ដឹកនាំប្រទេសចិនបានរៀបចំពិធីរំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គដោយឡែកនៅក្រុងប៉េកាំង ព្រមទាំងរៀបចំចាត់បញ្ជូនយន្តហោះពិសេសដើម្បីអមដំណើរព្រះមញ្ជូសារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោក ចា ឈាងលីន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនក៏បានអញ្ជើញទៅចូលរួមក្នុងព្រះរាជពិធីបូជាសពព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ប្រទេសកម្ពុជាជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ការប្រាស្រ័យទាក់ទងគ្នា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមករួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ រហូតមកដល់ពេលបច្ចុប្បន្នប្រទេសទាំងពីរ កម្ពុជា និងចិន ទទួលបាននូវសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ទៅ៤.៣២០លានដុល្លារអាម៉េរិក។ នៅឆមាសទី១ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិនមានដល់ទៅ២.៣៤០ លានដុល្លារអាម៉េរិកកើនឡើង១០,២ភាគរយ បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំទៅមិញ។ ប្រទេសទាំងពីរមានជំនឿចិត្តថានឹងសម្រេចគោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៥.០០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៧។ គិតរហូតដល់ខែមិថុនា ឆ្នាំ២០១៦ ប្រាក់វិនិយោគទុនដោយផ្ទាល់របស់ប្រទេសចិននៅកម្ពុជាសរុបលើសពី ១២.០០០លានដុល្លារអាម៉េរិក។ ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរត្រូវពង្រីកដោយឥតឈប់ឈរ។ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរចិនដែលធ្វើទេសចរណ៍នៅកម្ពុជាមានដល់ទៅ ៤៤,៤៩ម៉ឺននាក់ ដែលកើនឡើង ១២,៤ភាគរយ បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានឹងឆ្នាំទៅមិញ។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា ហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។ ជាមួយគ្នានេះដែរ ទ្រង់ទ្រាយនៃការចាត់បញ្ជូនផ្លាស់ប្តូរនិស្សិតឲ្យបន្តការសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរត្រូវបានពង្រីកដោយឥតឈប់ឈរ។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាភាគីចិនតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជាដោយផ្តល់ការជ្រោមជ្រែងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍ ដោយសមស្របនឹងស្ថានភាពរបស់ប្រទេសខ្លួន។ ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន ឲ្យកាន់តែមានភាពស៊ីជម្រៅដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនបានជួយកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជាដោយបានរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជានៅមានភាពទន់ខ្សោយបន្តិចប្រទេសចិនបានផ្តល់ការជួយឧបត្ថម្ភគ្រប់បែបយ៉ាងលើវិស័យកសិកម្មដល់កម្ពុជា ដែលក្នុងនោះរួមមានទាំងបច្ចេកទេសដាំដំណាំ ប្រព័ន្ធធារាសាស្រ្ត និងការនាំចេញអង្ករជាដើមដោយបានផ្តល់នូវការជួយជ្រោមជ្រែងយ៉ាងជាក់ស្តែងដល់កសិករកម្ពុជា។ ដោយឡែកភាគីកម្ពុជាក៏បានផ្តោតសំខាន់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនផងដែរ ដោយបានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីចិនក្នុងបញ្ហាធំៗនិងសំខាន់ៗ ដែលប្រទេសចិនយកចិត្តទុកដាក់បំផុតដូចជាបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាតៃវ៉ាន់ជាដើម។
កាលពីថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមក្នុងមហាសន្និបាតរំលឹកខួបទី៧០ឆ្នាំនៃការទទួលជ័យជម្នះក្នុងសង្រ្គាមប្រឆាំងនឹងជប៉ុនរបស់ប្រជាជនចិន និងសង្រ្គាមប្រឆាំងនឹងហ្វាស៊ីសពិភពលោក។ ប្រទេសកម្ពុជាបានគាំទ្រនូវគំនិតផ្តួចផ្តើមអំពីយុទ្ធសាស្រ្ត”ខ្សែក្រវាត់មួយ និងផ្លូវមួយ” និងចូលរួមយ៉ាងសកម្មជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលលើកឡើងដោយប្រទេសចិន។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ានជារៀងរាល់ឆ្នាំ និងវេទិកាអាស៊ីប៉ូអាវផងដែរ។ កាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោបានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ដឹកនាំលើកដំបូងស្តីពីយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គនៅប្រទេសចិន។ ម្យ៉ាងទៀតភាគីកម្ពុជាក៏បានរួមសហការជាមួយភាគីចិនក្នុងការបង្រ្កាបលើករណីបោកបញ្ឆោតតាមបណ្តាញអ៊ីនធើណេត និងទូរគមនាគមន៍ និងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសចិនក្នុងការរួមសហការតាមដានចាប់ខ្លួនមន្រ្តីស៊ីសំណូកដែលរត់គេចខ្លួននៅឯនាយសមុទ្រទៀតផង។ មិនត្រឹមតែប៉ុណ្ណោះក្នុងខណៈដែលប្រទេសចិនកើតនូវគ្រោះមហន្តរាយធម្មជាតិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបរិច្ចាគប្រាក់ជាច្រើនលើកដល់តំបន់រងគ្រោះរបស់ប្រទេសចិន។ នៅខែកក្កដា ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបរិច្ចាគប្រាក់ដល់តំបន់រងគ្រោះដោយសារទឹកជំនន់នៅប្រទេសចិនផងដែរ។ ព្រមជាមួយគ្នានេះដែរភាគីកម្ពុជាក៏បានដើរតួនាទីជាវិជ្ជមានក្នុងការគាំពារ និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន-អាស៊ាន ទៀតផង។
កាលពីខែធ្នូ ឆ្នាំ២០០៩ លោក ស៊ី ជីនភីងប្រធានរដ្ឋចិនដែលកាលនេះលោកជាអនុប្រធានរដ្ឋចិនបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង លើកនេះគឺជាទស្សនកិច្ចលើកដំបូងដែលថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្រោយពីចាប់ផ្តើមបង្កើតក្រុមថ្នាក់ដឹកនាំអាណត្តិថ្មីរបស់ប្រទេសចិនកាលពីខែវិច្ឆិកា ឆ្នាំ២០១២។ ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹង និងពង្រីកមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា និងចិន ហើយក៏នឹងអាចជំរុញធ្វើឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមទៀតផង។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាពេលនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសួរសុខទុក្ខសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រមទាំងជួបធ្វើកិច្ចសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងន័យជំរុញឲ្យយុទ្ធសាស្រ្តអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងចិន តភ្ជាប់គ្នាយ៉ាងរឹងមាំ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យកាន់តែមានភាពស៊ីជម្រៅ ហើយទទួលបាននូវសមិទ្ធផលថ្មីៗថែមទៀត៕