ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៥នាក់ ជាមុខសញ្ញាសេពគ្រឿងញៀន ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងដកហូតបានវត្ថុតាងគ្រឿងញៀចំនួន៥កញ្ចប់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធី ស្នងការរងនគរបាលខេត្តបានប្រាប់ភ្នាក់ងារព័តិមាន នៅរសៀលថ្ងៃទី៧ ខែតុលានេះថា ក្រោយពីមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត ទើបកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ រហូតឈានមកការឃាត់ខ្លួនជនសង្ស័យ ៥នាក់ ជាបន្តបន្ទាប់។
ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនបាន ទី១ មានឈ្មោះ ហេង សុផាណា ភេទប្រុស អាយ២៤ឆ្នាំ (ជួញដូរ) រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ, ទី២ ឈ្មោះ គឹម ឆេង ភេទប្រុស ៣២ឆ្នាំ (ជួញដូរ) រស់នៅភូមិរោងម៉ាស៊ិន សង្កាត់អូរអំបិល, ទី៣ ឈ្មោះ ភោគ ហាន់ហ្វា ហៅ ឡូ ភេទប្រុស អាយុ១៨ឆ្នាំ (ជួញដូរ) រស់នៅភូមិ សែសិន សង្កាត់អូរអំបិល,ទី៤ ឈ្មោះ ម៉ាត់ ណៃ ភេទប្រុស អាយុ២១ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិ សែសិន សង្កាត់អូរអំបិល, និងទី៥ ឈ្មោះ យ៉ា លឹម ភេទប្រុស អាយុ ១៨ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិសែសិន សង្កាត់អូរអំបិល។ សមត្ថកិច្ចជំនាញបានបន្ថែមថា ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើនេះពិតមែន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាម និតិវិធី៕