ប្រទេសថៃ ៖ សមត្ថកិច្ចចម្រុះថៃ បង្ក្រាបទីតាំងផលិតកាហ្វេ ណែសឡេ ក្លែងក្លាយ ព្រមទាំងបានដកហូតនូវសម្ភារៈពាក់ព័ន្ធជាច្រើនប្រភេទ ឃាត់ខ្លួនកម្មករចំនួន៧នាក់ ខណៈដែលពួកគេលួចសំងំផលិតកាហ្វេ ណែសឡេ ក្លែងក្លាយនេះ កាលពីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃ្លាំងលេខ៣៧ ក្នុងភូមិ៧ ឃុំប្រាក់អ៊ុដុំ ស្រុកឡាតលុំកែវ ខេត្តប៉ាធុំថានី ប្រទេសថៃ ។
សមត្ថកិច្ចថៃបានឲ្យដឹងថា កំលាំងជំនាញបានធ្វើការសហការជាមួយនឹងក្រុមតម្រួតក្នុងមូលដ្ឋាន ចេញប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ព្រមទាំងបានឃាត់ខ្លួនកម្មករដែលកំពុងសំងំលួចផលិតកាហ្វេណែសឡេក្លែងក្លាយចំនួន៧នាក់ប្រុស៥នាក់ និងស្រី២នាក់ ដែលក្នុងនោះមានជនជាតិភូមា២នាក់ មានលិខិតឆ្លងដែនស្របច្បាប់ និង៥នាក់ទៀតដែលជាជនជាតិឡាវ គ្មានច្បាប់អនុញ្ញាតឡើយ ។
គួរបញ្ជាក់ដែរថាទីតាំងផលិតកាហ្វេ និងគ្រឿងឧបភោគណែសឡេក្លែងក្លាយនេះជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុថេន លុសា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ៧ ឃុំឈៀងសែន ស្រុកឈៀងសែន ខេត្តឈៀងរ៉ាយ គឺក្នុងកិច្ចប្រតិបត្តិការនេះគេមិនបាននៅក្នុងទីតាំងផលិតនោះឡើយ ។
សមត្ថកិច្ចបានធ្វើការប្រមូលសម្ភារៈ និងដកហូតនូវរបស់របរដែលពាក់ព័ន្ធមួយចំនួនដូចជា ម៉ាស៊ីនច្រក ៤គ្រឿង ម៉ាស៊ីនលាយ ៤គ្រឿង កាហ្វេក្លែងក្លាយផ្សំរួចហើយចំនួន៤៩កេះ កាហ្វេណែសឡេ ផ្សំរួចហើយចំនួន៩ថង់ធំ ម្ស៉ៅទឹកដោះគោ ១០២ការ៉ុងកេះច្រកកាហ្វេ ៤៨០កេះ ស្ករស ៥ការ៉ុង ប្រអប់អូវ៉ាន់ទីន ចំនួន៦១ប្រអប់ ស្មើនឹង៤៣៩២០០ កញ្ចប់ ប្រអប់កាហ្វេ ៤០ប្រអប់ ស្មើនឹង ២៨៨០០០ កញ្ចប់ ថង់សម្រាប់ច្រក ចំនួន៧កេះ ស្មើនឹង២៨០០០ ថង់ និង ជញ្ជីងសម្រាប់ថ្លឹង១ ។
នៅក្នុងពេលកំពុងប្រតិបត្តិការនោះដែរ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាពាក់ស្លាកលេខ បាងកក ៩៥៨៨ បានដឹកសំបកកញ្ចប់អូវ៉ាន់ទីនយកមកប្រគល់អោយទីតាំងផលិតក៏ត្រូវឃាត់ផងដែរ ។ បច្ចុប្បន្នមនុស្សនិងទាំងវត្ថុតាងបានកសាងសំណុំរឿងបញ្ឋូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។