ខេត្តរតនគិរី ៖ ឈើសុក្រំចំនួន៦៧កំណាត់ ដែលក្រុមឈ្មួញដឹកយកមកគរទុកបម្រុងនាំទៅប្រទេសវៀតណាម តាមផ្លូវទឹកត្រង់ចំណុច ច្រាំងទន្លេសេសាន្ត ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវ សហការណ៍និងកម្លាំងអាវុធហត្ថ និងនគរបាលព្រមទាំងយោធាស្រុកអូរយ៉ាដាវ យកទៅរក្សាទុករដ្ឋបាលព្រៃឈើបរកែវនៅវេលាម៉ោង១២នឹង៣០នាទីយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦នេះ។
នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោក ឡេង យុគ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័តិមានពីកម្លាំងសម្ងាត់ថា មានគំនរឈើគរទុក្ខនៅចំណុចខាងលើនោះរូបលោក ក៏សុំយោបល់ថ្នាក់លើចុះទៅបង្ក្រាបទាំងយប់តែម្តង។
លោក ឡេង យុគ បានបន្តឲ្យដឹងទៀតថា ឈើសុក្រំចំនួន៦៧កំណាត់នេះ កម្លាំងលោកបានយកមធ្យោបាយដឹកជញ្ជូនមករក្សាទុកនៅស្នាក់ការ រដ្ឋបាលព្រៃឈើបរកែវ។
ជាការកត់សម្គាល់ក្នុងរយៈពេលជិតមួយខែនេះ សកម្មភាពក្រុមឈ្មួញដឹកឈើទៅវៀតណាមបានស្ងប់ស្ងាត់ហើយក្រុមសមត្ថកិច្ច មកពីរាជធានីភ្នំពេញនិងក្នុងខេត្តរតនគិរីប្រមាណ៥០ស្ថាប័នប្រចាំការតាមដងផ្លូវជាតិលេខ៧៨ ដោយក្រុមសមត្ថកិច្ចខ្លះ ក្រោមលេសដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ នោះបច្ចុប្បន្នពុំមានវត្តមានទៀតទេ៕