យោងសេចក្តីរាយការណ៍បានឱ្យដឹងថា ច្រកអន្តរជាតិបាវិត គឺជាតំបន់យុទ្ធសាស្ត្រសំខាន់មួយ ដែលក្រុមឈ្មួញធំៗ បានដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ចូលប្រទេសកម្ពុជា យ៉ាងរលូន ក្រោមក្រសែភ្នែកច្រមុះជាអាទិ៍ មន្ត្រីអាជ្ញាធរខេត្ត មេប៉ុស្តិ៍អន្តោប្រវេសន៍ កាំកុងត្រូល និងគយប្រធានស្នាក់ការក្តាប់រួមខេត្ត។
ដោយឡែកទំនិញខុសច្បាប់ របស់ឈ្មួញធំៗ ដែលត្រូវបាននាំចូលប្រទេសកម្ពុជា ត្រូវបានគេក្លែងបន្លំ ជាទំនិញវិនិយោគ ដែលគេចពីបន្ទុកពន្ធអាកជារបស់រដ្ឋតាមរយៈជ្រកក្រោមមេដឹកនាំ ស្ថាប័នអស់នោះ នាំឱ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលដោយគ្មានការទទួលខុសត្រូវឡើយ ។
ដួចជា កំណែទម្រង់ស៊ីជម្រៅមហាផ្ទៃបានត្រឹមដកតំណែងស័ក្តិ៥ អ៊ឹង សុងយូ ដែលបានកាន់តំណែង ជានាយប៉ុស្តិ៍ ច្រកទ្វារ ព្រំដែនបាវិត ខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយឱ្យទៅកាន់តំណែងជាមេប៉ុស្តិ៍អន្តោប្រវេសន៍នៅ ខេត្តព្រៃវែង ។
ផ្ទុយទៅវិញមហិច្ឆតារបស់លោកស័ក្តិ៥ ខាត់ សារ៉ាត់ ជាអតីតនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកព្រំដែន អន្តរជាតិក្អមសំណ នៃស្រុកលើកដែក ខេត្តកណ្តាលវិញ ត្រូវបានតែងតាំង ជាប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកបាវិត ជំនួសលោក អ៊ឹង សុងយូ កាលពីកន្លងទៅថ្មីៗនេះ តាមការរត់ការតូយកតំណែងពិតប្រាកដមែន ក៏ចាប់ផ្តើមបង្កើតឱ្យមានបណ្តាញពុករលួយ ផ្គើនទៅនឹងការកែ ទម្រង់ស៊ីជម្រៅ ។
គួររំលឹកថា ការដឹកជញ្ជូនទំនិញគេចពន្ធ បង្កប់ជាមួយរថយន្តក្រុង នៅតែកើតមានជាហូរហែ តាមច្រកអន្តរជាតិបាវិត ដែលក្នុងមួយថ្ងៃៗ ទំហំនៃការដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ បង្កប់តាមរថយន្តក្រុងជាច្រើនក្រុមហ៊ុន មិនតិចតោននោះទេ បើគិតជាប្រាក់ពន្ធវិញ មួយថ្ងៃៗ រដ្ឋខាតបង់ចំណូលថវិកាជាតិច្រើនសន្ធឹកសន្ធាប់ឯណោះ។
ករណីបែកធ្លាយលោកស័ក្តិ ខាត់ សារ៉ាត់ នេះបានបន្តបិទភ្នែក ឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនបន្ត ចេញប័ណ្ណ ឬរក្សាទុកប័ណ្ណវីអាយភី ឱ្យជនជាតិយួន ដែលធ្វើការតាមកាស៊ីណូ ជាប់ព្រំដែនបាវិត ប្រើប្រាស់ចេញចូល ឆ្លងកាត់ព្រំដែនថ្មើណាក៏បានដោយសេរី ។
ក្រុមប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរ ឆ្លងកាត់ច្រកអន្តរជាតិបាវិត បានបង្ហើបឱ្យដឹងផងដែរថា សម្រាប់ប្រជាពលរដ្ឋ ដែលមានការចាំបាច់ ត្រូវឆ្លងដែនទៅកាន់ស្រុកយួនដោយសារមានជំងឺត្រូវសង្គ្រោះបន្ទាន់ ឬជូនបងប្អូនទៅព្យាបាល ជំងឺនោះ ដែលគ្មានលិខិតឆ្លងដែនត្រូវដាច់ខាតបង់លុយឱ្យមន្ត្រីនគរបាល អន្តោប្រវេសន៍របស់លោក ខាត់ សារ៉ាត់ ចាប់ពី ចំនួន ២០ដុល្លារអាមេរិក ហើយមានការកោសរូស ឱ្យបង់លុយតាមរយៈអ្នកគួកជេ មួយចំនួន ទៀត ទើបអាចឆ្លងដែន ចេញទៅស្រុកយួនបាន បើមិនដូច្នេះទេនឹងជួបឧបសគ្គ។
ដូចជា នៅពេលត្រឡប់ចូលប្រទេសកម្ពុជាវិញ សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលិខិតឆ្លងដែន ត្រូវបង់ប្រាក់ចំនួន ២០ ដុល្លារបន្ថែមទៀត ។ ហើយបើសរុបថ្លៃបង់សេវា នៅច្រកអន្តរជាតិបាវិត សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលិខិតឆ្លង ដែនម្នាក់ៗ ត្រូវចំណាយលុយក្នុងម្នាក់ យ៉ាងតិចចាប់ពី ៥០-៧០ដុល្លារអាមេរិក ទាំងទៅទាំងមក។
ក្រៅពីនោះ និងលើសនេះទៅទៀត នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិបាវិត បានតម្រូវឱ្យរថយន្តដឹក ទំនិញ និងរថយន្តក្រុង ដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រំដែន បង់លុយថ្លៃបារ៉ាស់ ក្នុងកម្រិតខ្ពស់ មិនអាចប្រកែកតវ៉ា ឬសុំចុះថ្លៃបានទេ ព្រោះសិទ្ធិអំណាច ខាត់ សារ៉ាត់ ទាំងអស់ ។ គ្រប់គ្រងច្រកព្រំដែនអន្តរជាតិបាវិត ស្ថិតនៅក្រោមកណ្តាប់ដៃ នគរបាលអន្តោ ប្រវេសន៍ ។ ហើយដែលបញ្ហានេះ គឺជាការជាន់ឈ្លីពីកំណែទម្រង់របស់រដ្ឋាភិបាលនេះ គួរតែក្រសួងមហាផ្ទៃចាត់វិធានការជាបន្ទាន់ភ្លាម ៗ ៕