ខេត្តមណ្ឌលគិរី ៖ ពិតជាឈាមស្រែកស្បែកហៅមែន សមត្ថកិច្ចនគរបាលខេត្តមណ្ឌគិរី កាលពីថ្ងៃទី០៣ តុលា ២០១៦ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ តែរយះពេល៣ថ្ងៃ វែកមុខជនដៃសម្លាប់នារីម្នាក់ ចោលសាកសពទាំងអាក្រាតកាយ នៅក្នុងព្រៃ ដែលជំហ៊ានដំបូងថាជារឿងរំលោភហើយសម្លាប់នោះ ។ កំលាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ខេត្ត សហការណ៏ជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតកម្ម រំលោភសំលាប់លើឈ្មោះ ក្រែត ស្រីមុំ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ និង បានរកឃើញសាកសព នៅថ្ងៃទី០២ តុលា វេលាម៉ោង៤:១០នាទីរសៀល នៅភូមិអូអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្រោយពីមានករណីរំលោភហើយសម្លាប់នោះ សមត្ថកិច្ចបានកំណត់មុខសញ្ញា រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ឈ្មោះ ទី តី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា គេពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ក្រែត ស្រីមុំ មែន តែមិនបានរំលោភទេ ។ជនសង្ស័យសារភាពទៀតថា ខោអាវដែលជនរងគ្រោះស្រាត និង សើយឡើងលើនោះ គឺពេលប្រវាយប្រតប់គ្នាអូសទៅរបូត ។
សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យនៅមានការលាក់លៀមច្រើនទៀត ចម្លើយនេះមិនទាន់យកជាការបានទេ ព្រោះខុសពីអ្វីដែលកើតឡើង និងមិនសុីសង្វាក់ចំពោះវត្ថុតាងដែលបន្សល់លើសាកសព តែសិទ្ធិឆ្លើយមិនឆ្លើយជារឿងបុគ្គល មិនអាចបង្ខិតបង្ខំយកចម្លើយ ។ ទោះជាយ៉ាងណាជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម.រួចហើយដែរ ដែលបទល្មើសយោងលើមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ តម្រូវផ្តន្ទាទោសលើជនជនជាប់ចោទដាក់គុកអស់១ជីវិត ៕ ដោយ៖សហការី