ខេត្តប៉ៃលិន ៖ គេសង្កេតឃើញក្រុមឈ្មួញកំពុងតែនាំសាច់ជ្រូក សាច់ ជង្គង់ និងស្លាបមាន់ ចូលមកលក់នៅទីផ្សារ និងតាមភូមិសង្កាត់នានាក្នុងខេត្ត និងនាំចេញទៅខេត្តផ្សេងទៀត ដែលរបស់ទាំងនេះ អាចនឹងធ្វើឱ្យប្រជាពលរដ្ឋ ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសុខភាព ។ តែអត់ឃើញមានមន្ត្រីកាំកុងត្រូលណាម្នាក់ធ្វើការត្រួតពិនិត្យទៅលើម្ហូបអាហារទាំងនេះ នោះឡើយ ។
ជាក់ស្តែង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ កក្កដា ២០១៤នេះគេឃើញ ក្រុមឈ្មួញនាំចូលសាច់ជ្រូក សាច់មាន់ ជង្គង់មាន់ ខូចគុណភាព តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុលសាក្រៅ ដឹកតាមម៉ូតូយ៉ាងគគ្រឹកគគ្រេង ។
ប្រភពព័ត៌មានពីអាជីវករដែលរកស៊ីដឹកម្ហូបអាហារតាមម៉ូតូបានបង្ហើបឱ្យភ្នាក់ងារសារព័ត៌មានដឹងថា ខណៈពួកគេចូលទៅទិញសាច់ជ្រូក សាច់មាន់ ជង្គង់មាន់ និងស្លាបមាន់នៅច្រកទ្វារ អន្តរជាតិ ត្រូវបានមន្ត្រីកាំកុងត្រូលឱ្យបង់ប្រាក់ក្នុងម៉ូតូ១គ្រឿងចំនួន២០០០រៀល មន្ត្រីច្រកទ្វារចំនួន៥០០០រៀល និងមន្ត្រីប៉េអឹមចំនួន២០០០រៀល ។
ចំណែកប្រជាពលរដ្ឋដែលមិនពេញចិត្តនឹងក្រុមឈ្មួញនាំសាច់ជ្រូក សាច់មាន់ ជង្គង់មាន់ និងស្លាបមាន់ប៉ះពាល់សុខភាពទាំងនេះបានឱ្យដឹងថា ការដឹកជញ្ជូនសាច់តាមម៉ូតូ យកទៅចែកចាយនៅតាមទីផ្សារ និងចុះទៅតាមចម្ការ ព្រមទាំងលក់ទៅដក់ភូមិឃុំក្នុងនិង ក្រៅខេត្តផងដែរ ។ ដោយមានអ្នកខ្លះងើបទៅយកម្ហូបអាហារទាំងនេះតាំងពីម៉ោង៤ទៅ ម៉ោង៥ទាបភ្លឺ លុះដល់ម៉ោង៦ព្រឹកបង់ប្រាក់ជូនសមត្ថកិច្ចរួចរាល់ក៏ដឹកចេញតាមច្រកទ្វារ តែម្តង ហើយមានម៉ូតូមួយចំនួនធំទៀតក៏ដឹកចេញតាមច្រករបៀងខុសច្បាប់នៅក្បែរច្រកទ្វារអន្តរជាតិនេះដែរ ដោយខាងទាហាន និងប៉េអឹមជាអ្នកយកលុយ តែអត់ឃើញមាននរ ណាម្នាក់ត្រួតពិនិត្យនោះឡើយ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ សាវុធ ប្រធានច្រកទ្វារអន្តរជាតិព្រំបានរៀបរាប់ឱ្យដឹងថា ការដឹកត្រីសាច់ ម្ហូបអាហារទាំងនេះ គឺឈ្មួញធ្វើជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ មិនមែនជាការជួញដូរទ្រង់ទ្រាយធំនោះទេ ។ ហើយជាមួយគ្នានោះដែរ លោក ហេង ស៊ីថា មន្ត្រីកាំកុងត្រូលប្រចាំការម្នាក់បានរៀបរាប់ឱ្យដឹងថា ក្រុមឈ្មួញទាំងនេះគ្រាន់ តែធ្វើការដឹកទំនិញផ្លែឈើតិចតួចយកទៅលក់ដូរតែប៉ុណ្ណោះ ហើយខាងមន្ត្រីកាំកុងត្រូល ក៏អត់យកលុយកាក់នោះដែរ ។ តែបើខាងលោកឆែកឆេរ ឃើញមានសាច់ជ្រូក សាច់មាន់ ជង្គង់មាន់ និងស្លាបមាន់ដឹកតាមម៉ូតូ នឹងយកទៅដុតកំទេចចោលភ្លាមៗ ។ តែកន្លងមកមិនដែលធ្លាប់ឃើញមានឈ្មួញដឹកម្ហូបអាហារទាំងនេះចូលតាមច្រកទ្វារអន្តរជាតិក្នុងទ្រង់ទ្រា យធំនោះទេ គ្រាន់តែជាលក្ខណៈគ្រួសារ១គីឡូ ទៅ២គីឡូក្រាមប៉ុណ្ណោះ ។
លោកបានបន្ត ទៀតថា លោកក៏មិនធ្លាប់យកលុយកាក់ពីប្រជាពលរដ្ឋដែលដឹកទំនិញតាមម៉ូតូពីស្រុកថៃចូលមកទឹកដីខ្មែរយើងដែរ ព្រោះជាមុខរបរកំប៉ិកកំប៉ុកបានចំណេញតិចតួចប៉ុណ្ណោះ ៕
នីយ៉ា