ខេត្តបាត់ដំបង ៖ នៅត្រង់ចំណុចទួលស្វាយកំណប់ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ក្នុងអាងកំពីងពួយ មានប្រជាជនឈ្មោះ ហំ សារឹម ហៅក្រឹម ភេទប្រុស អាយុ ៤១ឆ្នាំជិៈទូកទៅដាក់មងបានប្រទះឃើញសាកសពអណ្តែតទឹកត្រង់ចំណុចខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចចុះត្រួតពិនិត្យ ។
លោកវរសេនីយ៍ត្រី សាត ស៊ាត អធិការរងនគរបាលស្រុកបាណន់ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៣និង០០នាទី មានសាកសពអណ្តែត ០១នាក់ឈ្មោះ ទុន គុណ អាយុ ៤៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែដែលបានមកស្នាក់នៅរកត្រីនៅអាងកំពីងពួយ ។
លោកអធិការបានបន្តឲ្យដឹងថាសាកសពបានរត់ចេញពីទីលំនៅនាវេលាម៉ោង៣ទៀបភ្លឺនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៦ដោយមូលហេតុមានជំងឺសរសៃប្រសាទនិងដែលជាមនុស្សដែលឧស្សាហ៍ ប្រកាច់ជាញឹកញាប់ ។
មុនរត់ចេញពីផ្ទះសាកសពបាននិយាយលាកូនប្រពន្ធថាខ្លាចណាស់មានគេតាមសម្លាប់រួចហើយក៏រត់ចេញពីផ្ទះបាត់រហូតដល់មានឈ្មោះខាងលើបានប្រទះឃើញអណ្ដែតទឹកនៅទីកន្លែងដែលសាកសពចេញចូលរកត្រីនៅទីនោះ ។
ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុនិងសាកសពរបស់ជនរងគ្រោះឈ្មោះទុនគុណមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងអំពើឃាតកម្មទេ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕