ខេត្តបន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចណ៍ ស្មានមិនដល់មួយ បានកើតឡើងរវាង ស្រីវ័យក្មេងបំរើការងារ នៅក្លឹបហ្គោថោនម្នាក់បើករថយន្ត ចេញមកផ្ទះទាំងស្រវឹង បើកទៅបុកនិងផ្ទះប្រជាពលរដ្ឋ នៅតាមថ្នល់ជាតិបណ្តាលឲ្យម្ចាស់ផ្ទះបាក់ជើងរងរបួសធ្ងន់ចំណែកកូនប្រុសរងរបួសស្រាលនៅវេលាម៉ោង១រំលងអាធ្រាត្រចូលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៦នៅចំណុចផ្លូវជាតិលេខ៥ខាងលិចស្ពានសែសិនចំងាយ២០០ម៉ែត្រស្ថិតក្នុងភូមិ សែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ត្រីភឿកព្រហ្ម មេបញ្ជាការស្តីទីកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជៀវគង់ ប្រុសអាយុ៣០ឆ្នាំនិងកូនប្រុសម្នាក់ឈ្មោះគង់សុគុណប្រុស អាយុ៤ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិ សែសិន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកភឿកព្រហ្មបានបញ្ជាក់ទៀតថាមុនពេលកើតហេតុនោះមានរថយន្ត១គ្រឿងម៉ាកវីស្ទូ ព៌ណក្រហមផលិតនៅឆ្នាំ២០០១ពាក់ស្លាកលេខភ្នំពេញ១S៩៩៣៥បើកដោយក្មេងស្រីម្នាក់មិនស្គាល់ឈ្មោះធ្វើការនៅខ្លឹបហ្គោថោនស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិលក្នុងសភាពស្រវឹងក្នុងល្បឿនលៀនបើកទាំងកណ្តាលអាធ្រាត្រត្រឡប់មកផ្ទះពីកើតមកលិច។
លុះបើកមកដល់ហួសស្ពានសែសិនបន្តិចដោយអំណាចស្រាចូលពោះខ្លាំងក៏បានបើកទៅបុកផ្ទះប្រជាពលរដ្ឋនៅចិញ្ចើមផ្លូវឆ្វេងដៃទាំងកំរោលបណ្តាលឲ្យម្ចាស់ផ្ទះកំពង់តែដេលលង់លក់ជាមួយនិងកូនចំពេញទំហឹងអូសចេញពីផ្ទះបណ្តាលឲ្យម្ចាស់ផ្ទះបាក់ជើងរបួសធ្ងន់ចំណែកកូនប្រុសវិញខ្ទាតទើលើដំបូលរថយន្តរបួសស្រាល។លោកភឿកព្រហ្មបានបញ្ជាក់ទៀតថាក្រោយពីកើតហេតុរួចជនរងគ្រោះត្រូវបានប្រពន្ធដឹកយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះជិវិតភ្លាមៗផងដែរ។ចំណែកសម្ភារៈនៅក្នុងផ្ទះរងការខូចខាតនោះមាន ម៉ូតូ១គ្រឿង ទូរទស្ស២គ្រឿងនិងរបស់របរមួយចំនួនធំទៀត។
លោកភឿកព្រហ្មបានបញ្ជាក់ទៀតថាចំណែករថយន្តនៅម៉ោង៧ព្រឹកថ្ងៃនេះនគរបាលបានអូសយកទៅរក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរងចាំឲ្យម្ចាស់រថយន្តចូលមកដោះស្រាយ៕