ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរណ៍បង្កឡើងដោយរថយន្តទីកូមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2C-3974 បានបើកទៅបុកនឹងរថយន្ត Lexus 470 ស្លាកលេខព្រឹទ្ធសភា 2-046 របស់គណៈកម្មការទី៧ នៃព្រឹទ្ធសភាព បណ្តាលឲ្យកៀបជាប់រថយន្ត នៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦៨-១៦៩ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះដែលកៀបជាប់រថយន្តទីកូ ត្រូវបានគេស្គាល់ឈ្មោះថា ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
រថយន្ត LEXUS បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកព្រឹទ្ធសភា ក្នុងគណៈកម្មការទី៧(របួសស្រាល) រួមដំណើរជាមួយមនុស្ស ៣នាក់ ១-ជា ស៊ីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ២-ហុង នឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និង៣-កែវ ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទាំង៤នាក់ខាងលើមានទីលំនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត ត្រូវបានកម្លាំងនគរបាលមូលដ្ឋានស្ទូចទៅរក្សាទុកនៅអធិការស្រុកក្រគរ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕