កំពង់ឆ្នាំង ៖ អំពើហឹង្សាមួយក្នុងពិធីរាំធុងបាស ក្នុងវេនកាន់បិណ្ឌទី២ នៅក្នុងវត្តពោធិរុក្ខារាម ហៅ(វត្តកំពង់ត្រឡាចលើ) បណ្តាលអោយយុវជនម្នាក់បានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ និងម្នាក់ទៀតរងរបួសធ្ងន់ ។ករណីអំពើហឹង្សាខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងវត្តពោធិរុក្ខារាម ស្ថិតនៅក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះក្នុងហេតុការណ៏អំពើហឹង្សានេះមានឈ្មោះ ១.អិដ្ឋ សុខជា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិជំទាវសុខ ឃុំច្រេះ ស្រុកកំពង់ត្រឡាច ស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ទី២.ឈ្មោះ ជឿន សាមឿន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិអូ ឃុំច្រេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ ។
សមត្ថកិច្ចដដែលបានអោយដឹងទៀតថា៖នៅមុនពេល កើតរឿងកាប់ចាក់គ្នា គឺនៅក្នុងវត្តកំពង់ត្រឡាចលើ មានរៀចចំពិធីរាំធុងបាសក្នុងពិធីបុណ្យកាន់បិណ្ឌ ដែលបង្កឡើងឌោយក្មេងមួយក្រុមមិនស្គាល់មុខ បង្កហឹង្សា អុនឡុកកាប់ចាក់គ្នា ផ្អើរអ្នកស្រុក ក្នុងពិធីរាំធុងបាស បណ្តាលអោយយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ទំនងជាមានប្រកែកពាក់សំដីគ្នា ទើបកើតជាហឹង្សាបែបនេះ។
ក្រោយពេលកើតហេតុ ជនបង្កបាននាំគ្នារត់គេចខ្លួនបាត់ ដោយទុកជនរងគ្រោះនៅកន្លែងកើតហេតុ ហើយប្រជាពលរដ្ឋបាននាំគ្នាដឹកជនរងគ្រោះទាំង២នាក់យកទៅធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង តែមកដល់ពាក់កណ្តាលផ្លូវយុវជនម្នាក់បានស្លាប់ និងយុវជនម្នាក់ទៀតត្រូវបានដឹកបន្តមកមន្ទីរពេទ្យ ។ សាកសពត្រូវប្រគល់អោយក្រុមគ្រួសារ ដឹកយកមកធ្វើបុណ្យ តាមប្រពៃណីនៅលំនៅដ្ឋាន ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ ជុំវិញកន្លែងកើតហេតុ ដើម្បីស្វែងរកចាប់ខ្លួន ជនដៃដល់ យកមកផ្តាន្ទាទោសតាមផ្លូវច្បាប់៕