ប៉ៃលិន ៖ សមត្ថកិច្ចចំរុះមានមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តរួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះធ្វើការត្រួតពិនិត្យរោងចិញ្ចឹមជ្រូកពីរកន្លែងនៅក្នុង សង្កាត់ទួលល្វារខណៈពេលដែលមានក្លិនស្អុយអាចដ៍ជ្រូកធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជុំវិញរោងចិញ្ចឹម ជ្រូកនោះ ។ ក្រោយពេលចុះពិនិត្យមន្ត្រីជំនាញបានបញ្ចាក់ថាការចិញ្ចឹមនេះមិនមែន ចិញ្ចឹមជាលក្ខណគ្រួសារទេគឺមានជ្រូកតូចធំរាប់រយក្បាល គឺម្ចាស់រោងចិញ្ចឹមជ្រូកត្រូវទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយកែសម្រួលកន្លែងចិញ្ចឹមកុំឲ្យមានក្លិនស្អុយដល់អ្នកជិតខាងដោយ ទុករយៈពេលឲ្យ ១៥ ថ្ងៃ បើនៅតែមានក្លិនស្អុយទៀត និងចាត់ការទៅតាមផ្លូវច្បាប់ ។
ហេតុការណ៍ចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៤ នៅចំណុចរោងចិញ្ចឹម ជ្រូកពីរកន្លែងនៅក្នុងភូមិអូរតាពុកក្រោម មួយកន្លែង និងក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក កឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថារោងចិញ្ចឹមជ្រូកពី កន្លែងនៅចំណុចខាងលើមានក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន លោកក៏បានរាយាការណ៍ទៅអាជ្ញាធរខេត្តភ្លាមៗ ហើយអាជ្ញាធរខេត្តក៍បានបញ្ជាឲ្យសមត្ថកិច្ចចំរុះមានមន្ទីរបរិស្ថាន មន្ត្រីជំនាញនៃមន្ទីរកសិកម្ម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង កម្លាំងនគបាលនៃអធិការក្រុង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យជាក់ស្តែងតែម្តង ។
លោកបានបន្តថាម្ចាស់រោង ចិញ្ចឹមជ្រូកទាំងពីរកន្លែងទី១-ឈ្មោះ ឈុន គា ជាម្ចាស់រោងចិញ្ចឹមជ្រូកនៅចំណុចភូមិ អូរតាពុកក្រោម មានជ្រូកទាំងតូចទាំងធំ ៥៦៣ ក្បាល។ម្ចាស់រោងចិញ្ចឹមជ្រូកទី២-ឈ្មោះ តេង ស៊ន ភេទប្រុសអាយុ ៤៨ ឆ្នាំមានទីលំនៅភូមិអូរពឺត សង្កាត់ទួលល្វារ ក្រុងប៉ៃលិន មានជ្រូកទាំងតូចទាំងធំចំនួន ៧៧ ក្បាល ។
លោក សោម វណ្ណ មេភូមិអូរតាពុកក្រោម បានឲ្យដឹងថារោងចិញ្ចឹមជ្រូករបស់លោក ឈុន គា បានចិញ្ចឹមជ្រូកជាច្រើនឆ្នាំមកហើយ តែពីមុនក្លិនស្អុយតិចៗរហូតមកដល់ខែសីហា ឆ្នាំ ២០១៤ប្រជាពលរដ្ឋប្រមាណជា ៤០០ គ្រួសារដែលទទួលរងការប៉ះពាល់ពីក្លិនស្អុយអាចដ៏ជ្រូកនោះបានប្រាប់ ថានឹងនាំគ្នាផ្តឹតមេដាយប្តឹងតវ៉ាសុំអន្តរាគមន៍នៅសាលាក្រុង និងអាជ្ញាធរខេត្តប៉ៃលិនដើម្បីជួយដោះស្រាយបញ្ហានេះជូនពួកគាត់ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ឈុន គា បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថាជារៀងរាល់ថ្ងៃគឺក្លិនស្អុយអាចម៍ ជ្រូកសាយភាយពាស់ពេញភូមិអូរតាពុកក្រោមនេះធ្វើពួកគាត់សឹងតែ ដង្ហើមមិនរួចព្រោះក្លិនស្អុយឈួលឈ្លក់ ទាំងការហូបបាយទឹក គឺហូបមិនបានទេក្លិនស្អុយអាចដ៏ជ្រូក ដែលសាយភាយចេញពីរោងចិញ្ចឹមជ្រូកលោក ឈុន គា ដែលមានជ្រូករាប់រយក្បាល។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្លិនស្អុយនេះមានច្រើនឆ្នាំហើយ ពួកគាត់បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញជា ច្រើនដងហើយ ប៉ុន្តែកន្លងមកគឺបានឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចចេញចូលទៅមើល ឬត្រួតពិនិត្យដែរតែហាក់គ្មានឃើញអ្វីប្រែប្រួល ឬបំបាត់ក្លិនស្អុយបានទេនៅតែដដែលៗ។រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤នេះមានសមត្ថកិច្ចចុះបានចុះមកត្រួតពិនិត្យ ពួកគាត់ពិតជាមានការសប្បាយរីករាយណាស់ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអាជ្ញារខេត្តដែលបានជួយដោះស្រាយ បញ្ហានេះជូនពួកគាត់ ហើយពួកគាត់សង្ឈឹមថាគ្មានកិ្លនស្អុយដែលធ្វើឲ្យប៉ះពាល់ដល់សុខភា ពពួកគាត់បន្តទៀត ។
លោក គឹម សុខាប្រធានបរិស្ថានខេត្តប៉ៃលិន បានបញ្ជាក់ថាក្រោយពេលពិនិត្យឃើញថារោងចិញ្ចឹមជ្រូកទាំងពីរកន្លែង នោះពិតជាបង្កឲ្យមានក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋមែន។មន្ត្រី ជំនាញបានធ្វើការអប់រំ ណែនាំ និងទុកពេលឲ្យ ១៥ ថ្ងៃដើម្បីកែសម្រួលកន្លែងចិញ្ចឹមជ្រូកនោះធ្វើយ៉ាងណាកុំឲ្យមាន កិ្លនស្អុយបន្តទៀត បើនៅតែមានក្លិនស្អុយខាងមន្ទីរ និងចាត់ការទៅតាមផ្លូវច្បាប់ ៕
សំ កូលីន