ក្រុងព្រះសីហនុ ៖ ក្មេងស្រីរងគ្រោះដែលបាត់ខ្លួនពេញមួយយប់ក្រោយពីលង់ទឹកសមុទ្រនៅឆ្នេរកន្ទុយនាគជិតឆ្នេរសុខាកាលពីព្រលប់ម្សិលមិញ សមត្ថកិច្ចបានរកឃើញសាកសពហើយនៅក្បែរឆ្នេរកន្ទុយនាគដ៍ដែលកាលពីវេលាម៉ោងជាង៩កន្លះព្រឹកថ្ងៃទី២០ខែកញ្ញា២០១៦នេះ។
គួរបញ្ជាក់ថាកាលពីព្រលប់ថ្ងៃ១៩កញ្ញា២០១៦ក្មេងប្រុសស្រីអាយុពី៩ឆ្នាំដល់១២ឆ្នាំចំនួន៣នាក់បានលង់ទឹកសមុទ្រពេលពួកគេនាំគ្នាមុជទឹកនៅឆ្នេរកន្ទុយនាគ បន្ទាប់មកជីតាពួកគេអាយុ៥៣ឆ្នាំបានព្យាយាមចុះទៅជួយស្រង់រួចក៍លង់ទឹកទាំង៤នាក់។
ក្រោយកើតហេតុអាក្រក់នេះសមត្ថកិច្ចនិងក្រុមសង្គ្រោះបានជួយសង្គ្រោះស្រង់យកបានតែជីតានិងក្មេង២នាក់ទៀតតែប៉ុណ្ណោះ ចំណែកក្មេងស្រីអាយុ៩ឆ្នាំរូបនេះត្រូវទឹករលកគួចយកទៅបាត់រកមិនឃើញ រហូតដល់ស្លាប់បាត់បង់ជីវិត។
សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះទាំង ៤នាក់គឺជាប្រជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ ហើយក្មេងស្រីរងគ្រោះឈ្មោះហឹម សុខហេង អាយុ៩ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាផ្សារលើ មានទីលំនៅក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ៕