0

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ​ជូន​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​ជាតិ

បន្ទាប់ពី​បានធ្វើ​ដំណើរ​លើផ្លូវ​ដ៏​សែនឆ្ងាយ​ប្រមាណ​ជាង ១២៥០គម ទៅកាន់​ខេត្ត​ម​ណ្ធ​ល​គិរី និង​រតនគិរី កាលពី​អាទិត្យ​កន្លងទៅ​ដើម្បី​ជួប​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗសិស្សានុសិស្ស ដើម្បី​ដោះបញ្ហាសំខាន់ៗចាំបាច់​មួយចំនួន​រួចមក នៅ​ព្រឹក​ថ្ងៃទី១៩ ខែកញ្ញា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ចើ​ញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិ​ញ្ញា ប​ត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​សរុប​ទាំងអស់​ចំនួន ១៣៦២នាក់ ។

នៅ​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ផ្តោតលើ​ចំណុចសំខាន់ៗមួយចំនួន​ដូចជា

១-សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ការយកចិត្តទុកដាក់រ​បស់​លោកគ្រូ​អ្នកគ្រូ និង​ការប្រឹងប្រែង​របស់​សិស្សានុសិស្ស​ទូទាំងប្រទេស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​និទ្ទេស (A) ឆ្នាំ នេះ​ចំនួន ៤០៥ នាក់ ដែល​កាលពី​កំណែទម្រង់​ដំបូង​គឺមាន តែ១២នាក់​ប៉ុណ្ណោះ។ ហើយ​នៅ​ឆ្នាំ ២០១៥ គឺ​បាន​ជាប់ ១០០ នាក់។ ឆ្នាំនេះ​មានក្មួយៗប្រមាណ៥០,០០០ នាក់​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​ទុតិយភូមិ​ដែលជា​ចំនួន​ដ៏​ច្រើន ក្រោយពី​កំណែទម្រង់​ត្រូវបាន​ដាក់ចេញ។ សម្តេច​តេ​ជោ​គ្រោង​នឹង​ជួប​ជាមួយក្មួយៗនិទ្ទេស (A) ទាំងអស់​ចំនួន ៤០៥ នាក់ នៅ​ថ្ងៃទី ២១ ខែកញ្ញា នៅ​វិមាន​សន្តិភាព​ខាងមុខនេះ។

២-ក្រសួង​អប់រំ​នឹង​ពិចារណា​ឡើងវិញ​ក្នុង​ការបន្ត​ផ្តល់​អាទិភាព​អោយ​សិស្ស​ដែល​ជាប់​និទ្ទេស (A), (B), ដើម្បី​បាន​ក្លាយជា​គ្រូបង្រៀន​ដោយ​ស្វ័យប្រវត្តិ ឬក៏​ត្រូវ​ប្រឡង​ជាមួយ​សិស្ស​និទ្ទេស (C),(D),(E)។ ប្រសិនបើ​មានការ​ប្រឡង​ឡើងវិញ​មែន គឺក្មួយៗមិនត្រូវ​ខ្លា​ចឡើយ ជាពិសេស​ចំពោះ​និទ្ទេស (A)។ នៅពេលនេះ​ប្រ​ព័​ន្ឋ​អប់រំ​នៅ​ទីក្រុង​និង​ជនបទ​គឺមាន​ស្តង់ដា (Standard) ដូចគ្នា ហើយថ្មីៗនេះ​ទៀតសោត​គឺមាន​សាលា​នៅ​ជនបទ​ឈ្មោះ​វិទ្យាល័យ​ត្រពាំង​ក្រហម នៅ​ស្រុក​កូន​មុំ ខេត្ត​រន​គិរី​គឺមាន​សិស្ស​បាន​ប្រឡង​ជាប់ ១០០% ផងដែរ។
៣-សម្តេច​តេ​ជោ បានកត់សម្គាល់​ឃើញថា មុខងារ​គ្រូបង្រៀន​សព្វថ្ងៃ​គឺ​កំពុងមាន​ការទាក់ទាញ​យ៉ាងខ្លាំង ដោយសារ​ប្រាក់ខែ​កាន់តែច្រើន បូក​នឹង​ប្រាក់​តំបន់ និង​ប្រាក់​បន្ថែម​ម៉ោង​ច្រើន​ថែមទៀត។

៣-សម្តេច​តេ​ជោ បាន​អំពាវនាវ​អោយ​ប្រជាកសិករ​យោគយល់​ចំពោះ​ស្ថានភាព​តម្លៃ​ស្រូវ​ដែល​បាន​ធ្លាក់ចុះ​មិនថាតែ​នៅ​កម្ពុជា​ទេ ព្រោះនេះ​គឺ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​សាកល​ហើយក៏​មិន​ត្រឹមតែ​ផលិតផល​ស្រូវ​ទេ គឺ​រួមទាំង កៅស៊ូ និង​ប្រេង​ជាដើម។ ចំពោះ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ដែលជា​កង្វល់​របស់​ប្រជាកសិករ​យើង គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ត្រៀម​ថវិកា ២០លាន​ដុល្លារ បូក​នឹង​ថវិកា​ធនាគារ​អភិវឌ្ឍន៍ជនបទ៧លាន​ដុល្លារ​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​តម្លៃ​ស្រូវ​ឡើងវិញ។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​សូមអោយ​អាជ្ញាធរ​ទប់ស្កាត់​កុំអោយ​ឈ្មួញ​ខិលខូច​បង្អាប់​ទម្លាក់​តម្លៃ​ស្រូវ​កសិករ។ “បញ្ហា​តម្លៃ​ស្រូវ” គឺជា​ដំណោះស្រាយ​អាទិភាព​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​យកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បាន​អំពាវនាវ​អោយ​វិស័យ​ឯកជន​ចូលរួម​បង្កើន​ការវិនិយោគ​លើ​ការកែឆ្នៃ​ស្រូវ​អោយទៅជា​អង្ករ ដែល​យើង​ចំណេញ​ទាំ​ងក​ញ្ចុ​ង​អង្ករ អង្កាម និង​កន្ទក់​ជាដើម។ មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិគ្រោះ​ពិភាក្សា​ជាមួយ​ភាគី​មិត្ត​ចិន​លើ តម្រូវការ​ថវិកា ៣០០ លាន​ដុល្លារ​ដើម្បី​សាងសង់​ឡស​ម្ងួ​ត រោង​ម៉ាស៊ីនកិនស្រូវ និង​ឃ្លាំង​ស្តុក​ស្រូវ​ជាដើម។

៤-សម្តេច​តេ​ជោ បានបញ្ជាក់​ផងដែរ​ថា កម្ពុជា​សព្វថ្ងៃ​គឺមាន​សុខសន្តិភាព ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​សុខសាន្ត និង​កំពុង​ប្រកប​របរ​ទទួលទាន​គ្រប់​ទីកន្លែង រួមទាំង​និស្សិត​ដែល​កំពុង​មក​ទទួល​សញ្ញាបត្រ​ផ្ទាល់​នៅទីនេះ និង​សិស្ស​ដែល​បាន​ប្រឡង​បាក់​ឌុប​ជាប់ថ្មីៗកំពុង​ត្រៀម​ចូលរៀន​ជា​បន្តទៀត។ សូមកុំ​បំភ្លៃ​បរិយាកាស​នយោបាយ​កម្ពុ​ជា ហើយក៏​សូមកុំ​លូកដៃ​កកូរកកាយ​ផ្ទៃក្នុង​របស់​កម្ពុជា​ផងដែរ។

៥-សម្តេច​តេ​ជោ បាន​រំលឹក​ផងដែរ​ថា សម័យនេះ​គឺ​សម័យ​បច្ចេកវិទ្យា និង​អេ​ឡិ​ក​ត្រូ​និក (Information Technology IT & Electronic) ប៉ុន្តែ​បើ​មនុស្ស​មិន​អេ​ឡិ​ក​ត្រូ​និក​ទេ គឺ​មិន​ជោគជ័យ​ឡើយ។ កម្ពុជា​ត្រូវតែ​តាម​ទាន់​បច្ចេកវិទ្យា ទាំង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ។ ភាគច្រើន​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស គឺ​បងប្អូន​ប្រជាពលរដ្ឋ​តែង​សង្កេតឃើញ សម្តេច​តេ​ជោ កាន់​ទូរ​ស័​ព្វ​ជាប់ដៃ (៦គ្រឿង)។ទូរ​ស័​ព្វ​ទាំងនេះ​គឺជា​បណ្តុំ​ទុកដាក់​នូវ​ឯកសារ​ព័​ត៍​មាន​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គមជាតិ​បាន​ឆាប់រហ័ស​ហើយ​មាន​ប្រ​សិទ្ឋិ​ភាព​ទាន់សភាពការណ៍​ទៀតផង។

សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា តាមរយៈ​ការប្រើប្រាស់ Facebook សព្វថ្ងៃ ដែល​ប្រើប្រាស់​បាន ត្រឹមត្រូវ​គឺ​បានផ្តល់​នូវ​ផលប្រយោជន៍​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​និង ប្រទេសជាតិ។

៦-សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​អំពី ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ គឺ​ត្រូវតែ​ប្រារព្ធ​ធ្វើឡើង ទោះបី​កម្រិត​ទឹក​ទាប​ក៏ដោយ។

ទោះបី​ហត់នឿយ​យ៉ាងណាក្តី​ក៏ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មិនបាន​ភ្លេច​ទេ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់ក្មួយៗយុវ​និស្សិត​យើង ហើយ​សម្តេច​តេ​ជោ តែងតែ​ឆ្លៀតពេល​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ជូនក្មួយៗដែល​បាន​ខិតខំ​សិក្សា​ជាច្រើន​ឆ្នាំ​មកហើយ។ សូមក្មួយៗនិស្សិត​យកចំណេះ​ដឹង​ទៅ​បម្រើ​សង្គមជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត៕

ff

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!