ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ដដែលនេះដែរ បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា និងវិទ្យាល័យ បល្ល័ង ខេត្តកំពង់ធំ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល វិទ្យាល័យតាំងគោក ស្ថិតក្នុងភូមិ សីុយោង ឃុំសីុយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ដោយពិនិត្យមើលឃើញនូវសេចក្តីត្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវអាគារសិក្សា ចំនួន២ខ្នង ដោយ១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ និង១ខ្នងទៀត កំពស់២ជាន់ ស្មើនឹង១២បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ជួសជុលអាគារចាស់ៗ ចាក់ផ្លូវបេតុងចូលសាលា រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើការសិក្សារបស់ក្មួយៗដើម្បីអោយក្មួយៗទទួលបាននូវការសិក្សាគ្រប់ៗគ្នា មិនថាទីក្រុងក្ដី ឬជនបទក្ដី ដើម្បីក្លាយជាធនធានមនុស្សដ៍សំខាន់រួមចំណែកក្នុងការកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត៕