ខេត្តបាត់ដំបង ៖ តាមមតិណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបសលខេត្ត បាត់ ដំបង និងក្រោមការ ដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនីស្នងការរងទទួលផែននគរបាលយុត្តិធម៌ កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២ ០១៦ វេលាម៉ោង១៥ និង ៤០ នាទី ក្រុមបង្ការ បង្ក្រាបនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយកម្លាំងអធិការដ្ឋានគរបាលក្រុងបាត់ដំបង បាននាំខ្លួន សិស្សសាលាប្រុស ស្រី ចំនួន០២ក្រុមចំនួន ២០ នាក់ ណាត់ ជួបគ្នានៅមុខសាលាខេត្តបាត់ដំបង វាយតប់គ្នាបង្ករជាអំពើហិង្សានៅលើ សួនច្បារសាធារណៈ ជាប់របងមន្ទីរទេសចរណ៍ខេត្ត បាត់ដំបង ជាហេតុនាំ ឲ្យមានការភ្ញាក់ផ្អើល ។
ពេលឃាត់ខ្លួនសាកសួរពួកគេបានប្រាប់សមត្ថកិច្ចនគរបាលថា ជម្លោះបង្ករហិង្សានេះកើតមានចំនួន០២ លើកក្នុងថ្ងៃតែមួយ ដែលលើកទី០១ បង្ករនៅចំណុចសង្កាត់ចំការសំរោង ពីវេលាម៉ោង១១ថ្ងៃត្រង់ តែជម្លោះនេះមិនទាន់ដឹងឈ្នះចាញ់ក៏ណាត់ជួបគ្នា បង្ករហិង្សាម្តងទៀត នៅចំណុច ខាងលើ ស្ថិតក្នុងសង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ។ ក្មេងទាំង០២ ក្រុមបានរៀបរាប់បន្ថែមថា ក្រុមគេនេះមានឈ្មោះថា (Bee Ma និង BGR) ផ្តើមចេញពីជម្លោះនៅក្នុងប្រព័ន្ឋទំនាក់ទំនងសង្គម Face book មិនអស់ចិត្តក្រុមនេះ បានចេញមុខបង្ករជម្លោះជាសាធារណៈធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសង្គមផងដែរ។
បច្ចុប្បន្នក្រុមក្មេងទាំងពីរក្រុមកំពុងឃាត់ខ្លួននៅបរិវេណស្នងការដ្ឋាននៅឡើយ ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់មាតា បិតសអាណាព្យាបាល មេត្តាចូលរួមតាមដានសកម្មភាពរបស់កូន និងអប់រំណែនាំកូនៗឲ្យបានល្អចៀសវាងប្រព្រឹត្តិនូវអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមដូចករណីនេះទៀត ៕