ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់បុរសចំណាស់ម្នាក់បានរងរបួសបាក់ជើងម្ខាងបន្ទាប់ពីយុវជនចរិកស្ទាវពីរនាក់បានជិះម៉ូតូធំក្នុងល្បឿនលឿនបោលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខទីបញ្ជាការដ្ឋាកងរាអាវុធហត្ថខេត្តកំង់ឆ្នាំង ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា បុរសជាជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះស៊ឹម គ្រី ភេប្រុស អាយុ៥៣ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជិះម៉ូតូហុងដា សេ១២៥ពាក់ស្លាកលេខកំពង់ឆ្នាំង១D-០០៨៨ ។ ដោយឡែកក្រុមយុវជនចរិកស្ទាវ ដែលជាអ្នកបង្ករ ម្នាក់ឈ្មោះ ហៃ លីហៀង ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀត ហួរ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ជិះម៉ូតូសេ១២៥ បានធ្វើដំណើរក្នុងទិសដៅពីលិចបត់ទៅទិសខាងជើង នៅពេលមកដល់ចំណុចកើតហេតុ ក៍មានម៉ូតូធំ១គ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ប៉ើងខ្ទាតជាច្រើនម៉ែត្រ បណ្តាលអោយជនរងគ្រោះរងរបួសបាក់ជើងស្តាំម្ខាងតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយឡែកមធ្យោបាយទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី ។