0

កសិករ​នៅ​ស្រុក​គូលែនជួប​វិបត្តិ​ ដោយសារតែ​ផ្លែ​ល្ពៅ​គ្មាន​ទីផ្សារ

កសិករ​នៅ​ស្រុក​គូលែនជួប​វិបត្តិ​ ដោយសារតែ​ផ្លែ​ល្ពៅ​គ្មាន​ទីផ្សារ

កសិករ​នៅ​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្តព្រះវិហារ បង្ខំចិត្ត​ពុះ​ផ្លែ​ល្ពៅ​កាយ​យក​គ្រាប់​លីង​ហូប ដោយសារតែ​ផ្លែ​ល្ពៅ​លក់បាន​តម្លៃថោក​ពេក កាលពី​ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១។

បច្ចុប្បន្ន​កសិករ​ជាច្រើន​ពាន់​គ្រួសារ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ កំពុងតែ​អស់សង្ឃឹម​ដោយសារតែ​ផ្លែ​ល្ពៅ​ដែល​ពួកគាត់​ដាំ​បាន ត្រូវ​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃថោក​បំផុត ដូចជា ១គីឡូក្រាម ថ្លៃ ១៥០ ទៅ ២០០រៀល​ជាដើម។

ជា​ញឹកញាប់​រដ្ឋាភិបាល​កម្ពុជា តែង​ប្រកាសថា វិស័យ​កសិកម្ម​គឺជា​ផ្នែក​មួយ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ ក៏ប៉ុន្តែ​នៅពេលដែល​ផលិតផល​កសិកម្ម ជួប​បញ្ហា​ចុះថ្លៃ​ខ្លាំង​នោះ គឺ​គេ​មិនសូវ​ឮ​រដ្ឋាភិបាល​មាន​គោលនយោបាយ​បន្ទាន់​ណាមួយ​ដើម្បី​ជួយ​លើកកម្ពស់​ទីផ្សារ​កសិផល​ទាំង​នោះទេ។

កសិករ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន បាន​អំពាវនាវ​សុំឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ជូន​ពួកគេ​ឱ្យបាន​សមរម្យ​នៅ​រដូវ​ប្រមូល​ផល​ចម្ការ​នា​ចុង​ឆ្នាំនេះ។ ការអំពាវនាវ​បានធ្វើ​ឡើង​ក្នុងពេលដែល​កសិករ​ប​ង្ហា​ញ​ក្តី​អស់សង្ឃឹម ដោយសារតែ​ដំណាំ​ល្ពៅ​របស់​ពួកគេ​រាប់រយ​តោន​កំពុង​ទុកចោល​ឱ្យ​រលួយ​ខូច​ពាសពេញ​ដី ពីព្រោះ​តែ​លក់​មិនបាន​ថ្លៃ គឺ​ឈ្មួញ​ហ៊ាន​ដើរ​ទិញ១គីឡូក្រាម តម្លៃ​ពី ១៥០ ទៅ ២០០រៀល​នោះ។

នៅតាម​ភូមិ​ជាច្រើន​នៃ​ឃុំ​ស្រយង់ ដូចជា​តាម​ចិញ្ចឹម​ផ្លូវជាតិ ឬក៏​មុខផ្ទះ គឺមាន​ផ្លែ​ល្ពៅ និង​ត្រឡាច​ដែល​គេ​បោះចោល​ឱ្យ​រលួយ​ពាសពេញ​ដី​គ្មាន​អ្នកត្រូវការ​ទេ។

បុរស​អ្នកភូមិ​ស្រយង់​ខាងត្បូង ម្នាក់ ក្នុងចំណោម​កសិករ​ជាច្រើន​ទៀត ដែល​យក​ផ្លែ​ល្ពៅ​មក​ដា​ក់គរ​នៅមុខ​ផ្ទះ​គឺ​លោក ឡុង សុង។ លោក​មានប្រសាសន៍​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា រូបគាត់​ជា​កសិករ​ទីពឹង​តែ​លើ​មុខរបរ​ធ្វើ​ចម្ការ ហាក់ដូចជា​គ្មាន​ក្ដីសង្ឃឹម​អ្វី​ទៀត​ទេ​នៅពេលដែល​គាត់​ខំ​ចំណាយ​ទុន​អស់​ជាច្រើន​លាន​រៀល​ដើម្បី​ដាំ​ល្ពៅ ក៏ប៉ុន្តែ​នៅ​រដូវ​ចុងដៃ បែរជា​ផ្លែ​ល្ពៅ​លក់​មិនបាន​ថ្លៃ​ដូច្នេះ៖ «ថ្ងៃ​ខាងមុខ បើ​កសិករ​ធ្វើ​នៅតែ​អ៊ីចឹង​គឺ​កាន់តែ​ជីវភាព​ដុនដាប។ មិនដឹង​សង្ឃឹម​អី​បើ​ដាំ​បាន​ផល​មក​យកទៅលក់​អត់​មាន​ទីផ្សារ»។

កសិករ​ជាច្រើន​ទៀត​រអ៊ូរទាំ​ប្រហាក់ប្រហែលគ្នា​ថា កាលពី​អំឡុង​ខែឧសភា និង​មិថុនា កន្លងទៅ ដំណាំ​ល្ពៅ​មាន​ទីផ្សារ​សមរម្យ ដោយ ១គីឡូក្រាម អាច​លក់បាន​ថ្លៃ​ពី ២.៥០០ ទៅ ៣.០០០រៀល ក៏ប៉ុន្តែ​រហូតមក​ចុងរដូវ​ដំណាំ​ល្ពៅ​បាន​ទទួលផល​ច្រើន បែរជា​ក្រុម​ឈ្មួញ​បញ្ចុះតម្លៃ​រហូតដល់១គីឡូក្រាម​ថ្លៃ ១៥០ ទៅ ២០០រៀល​តែម្ដង។

បច្ចុប្បន្ន ដោយសារតែ​ផ្លែ​ល្ពៅ​លក់បាន​ថោក​ពេក គឺ​នៅតាម​ផ្ទះ​ជាច្រើន​បានត្រឹមតែ​បេះ​ផ្លែ​ពី​ចម្ការ​មក​គរ​ទុកចោល។ អ្នកខ្លះ​បាន​បោះ​វា​ឱ្យ​រលួយ​ចោល​គ្មាន​ស្ដាយស្រណោះ ឯ​អ្នក​ខ្លះទៀត​ក៏បាន​ត្រឹមតែ​ពុះ​កាយ​យក​គ្រាប់ ចំណែក​សាច់​គឺ​គ្រវាត់ចោល។

ស្ត្រី​ឈ្មោះ ឡាយ ចាន់ថន ដែល​កំពុងពុះ​ផ្លែ​ល្ពៅ ហើយ​អង្គុយ​កាយ​យក​គ្រាប់​នៅ​កណ្ដាល​ថ្ងៃ​ក្នុងភូមិ​ស្រយង់​ខាងជើង មានប្រសាសន៍ថា គាត់​បាន​ដាំ​ល្ពៅ​នៅលើ​ផ្ទៃដី​ចម្ការ​ទំហំ ៤ហិកតារ ដោយ​ចំណាយ​ដើមទុន​អស់​ប្រមាណ​ជាង ២លាន​រៀល ក៏ប៉ុន្តែ​ដោយសារ​ល្ពៅ​លក់បាន​ថោក​ពេក គឺ​គាត់​បាន​ទុក​ផ្លែ​ល្ពៅ​ឱ្យ​រលួយ​ចោល​អស់​ប្រហែល​ជាង ១០តោន រួចហើយ​ព្យួរ​ដី​លុប៖ «សល់​ប្រហែល​ជាជាង ១០តោន​នៅក្នុង​ដី សាច់​ល្ពៅ​យកទៅ​បោះ​ក្នុង​ចម្ការ​វិញ អត់​មាន​យក​វា​ទៅធ្វើ​អ្វី​កើត​ទេ»។

ល្ពៅ​ចុះថោក គូលែន ៨៥៥
កសិករ​នៅ​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ នៃ​ស្រុក​គូលែន ខេត្តព្រះវិហារ ប្រមូល​ផ្លែ​ល្ពៅ​មក​គរ​ទុកចោល​ក្នុងផ្ទះ​ដោយសារតែ​មិនមាន​ទីផ្សារ​លក់ កាលពី​ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១។
កសិករ​ម្នាក់ទៀត​ដែល​កំពុងតែ​ប្រមូល​ផ្លែ​ល្ពៅ​ពី​ចម្ការ​មក​ដាក់​ទុក លោក ក្រឹម សួរ មានប្រសាសន៍ថា លោក​បាន​ចំណាយ​ទុន​ដាំ​ល្ពៅ និង​ជួល​កម្មករ​អស់​ទឹកប្រាក់​ជាង ២លាន​រៀល ក៏ប៉ុន្តែ​នៅពេលដែល​ទទួលផល គឺ​លក់បាន ១គីឡូក្រាម ២០០ ទៅ ៣០០រៀល ដូច្នេះ​ធ្វើឱ្យ​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង។កសិករ​ដដែល​ចង់ឱ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ជាបន្ទាន់​ណាមួយ ដើម្បី​ជួយ​លើកស្ទួយ​ផលិតផល​កសិកម្ម​ក្នុងពេលដែល​កសិករ​កំ​ពុង​ជួប​វិបត្តិ​ទីផ្សារ​ដូចនេះ៖ «ធ្វើ​ចម្ការ​ខាត ខ្ញុំ​អស់​ទឹកចិត្ត​ធ្វើ​ដែរ បើ​យើង​ចំណាយ​ដើមទុន​អស់​ច្រើន តែ​ចំណូល​បាន​តិច។ អ្នកចម្ការ​ឆ្នាំនេះ​គឺ​វេទនា​មែនទែន»។

ពេលបច្ចុប្បន្ន ដោយសារតែ​ផ្លែ​ល្ពៅ​ស្ទះ​រក​ទីផ្សារ​មិនបាន គឺ​កសិករ​ជាច្រើន​គ្រួសារ​មិនដឹងថា​តើ​ត្រូវយក​វា​ទៅណា ឬក៏​ធ្វើ​អ្វី​ជាធំ​ដុំ​ទេ មានតែ​យក​វា​ខ្លះ​ចម្អិន​ធ្វើជា​បង្អែម ហើយ​ចែកគ្នា​ទទួលទាន​ប៉ុណ្ណោះ។ បី​ទៅ​បួន​ថ្ងៃ​ម្ដង​គេ​ឃើញ​ឈ្មួញ​ខ្លះ​បាន​ចូលមក​សាក​សួររក​ទិញ ក៏ប៉ុន្តែ​គេ​ហ៊ាន​ក្នុង​តម្លៃថោក ព្រមទាំង​សម្រាំង​រើស​យកតែ​ផ្លែ​ល្ពៅ​ណា​ល្អ​ផង។

ក្រុម​ឈ្មួញ​ឱ្យដឹងថា ចាប់​តាំងតែ​ពី ៣ខែ​មុន រហូតមកដល់​ពេលនេះ គឺ​ទីផ្សារ​ទិញ​ផ្លែ​ល្ពៅ​បាន​ពឹង​ផ្អែកទៅលើ​ប្រទេស​ថៃ តែមួយគត់។ មូលហេតុ​ដែល​ពួកគេ​ហ៊ាន​ទិញ​ពី​កសិករ​ថោក ដោយសារតែ​ឈ្មួញ​ថៃ បាន​ទិញ​បន្ត​ឱ្យ​តម្លៃ​តែ​ពី ៥ ទៅ ៦បាត​ប្រាក់​ថៃ ក្នុង ១គីឡូក្រាម ហើយ​ល្ពៅ​ដែល​គេ​ទិញ​ពី​កសិករ​ទៀតសោត ត្រូវ​ឈ្មួញ​ថៃ សម្រាំង​រើសយក​តែ​ល្អ​ម្ដងទៀត គឺ​ពេលខ្លះ​ពួកគេ​ត្រូវ​ដឹកយក​មកចាក់​ចោល​ដូចជា​កសិករ​ដែរ។

ទោះជា​យ៉ាងណា អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាលរង​ស្រុក​គូលែន ទទួលបន្ទុក​ខាង​កសិកម្ម លោក ប៉ែន ជឹ​ង ដើម្បី​សុំ​ការអធិប្បាយ​ជុំវិញ​បញ្ហា​ផ្លែ​ល្ពៅ​ធ្លាក់​ថ្លៃ​នោះបាន​ថា យ៉ាងណា​នៅឡើយ​នៅ​ថ្ងៃទី៤ ខែកញ្ញា។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា មានប្រសាសន៍ថា បញ្ហា​ល្ពៅ​របស់​កសិករ​ធ្លាក់​ថ្លៃ​ទាប​បំផុត​នេះ មិន​មែនមាន​បញ្ហា​តែ​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ​ទេ គឺ​នៅ​ខេត្តបាត់ដំបង ក៏​ដូចគ្នា។ មន្ត្រី​ដដែល​បញ្ជាក់ថា ផ្លែ​ល្ពៅ​ដែល​កសិករ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ដាំ​បាន​នោះ គឺ​រោងចក្រ​របស់​ប្រទេស​ថៃ ត្រូវ​ការទិញ​ដោយមាន​កំណត់​ត្រឹមតែ ២០០ ទៅ ៣០០ឡាន​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ល្ពៅ​ដែល​កសិករ​ដាំ​បាន​គឺ​វា​ច្រើន​ហួស​តម្រូវការ​ក្រៅប្រទេស​មានតែ​រក្សាទុក​លក់​ឱ្យ​ទីផ្សារ​ក្នុងស្រុក៖ «បើ​ល្ពៅ​ចាស់​អាច​រក្សាទុក​បានយូ​រ​រាប់​ខែ​ដែរ។ ឥឡូវ​បើ​នៅសល់​ល្ពៅ​ចុងដៃ​នេះ គឺអាច​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ រាជធានី​ភ្នំពេញ ក៏​លក់បាន​ថ្លៃ​គួរសម​ដែរ»។

កសិករ​ភាគច្រើន​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន នៃ​ខេត្តព្រះវិហារ ឱ្យដឹងថា បញ្ហា​ផ្លែ​ល្ពៅ​ធ្លាក់​ថ្លៃ​ដ៏​គំហុក​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យគេ​ខាត​ទុន​ផលិត​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ធ្វើឱ្យ​ពួកគេ​កំពុង​ធ្លាក់ខ្លួន​ទៅជា​អ្នក​វ័ណ្ឌក ជំពាក់​បំណុល​ធនាគារ ឬក៏​ពី​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ទៀតផង៕

14333100_1752634361677388_2396060607322491875_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!