(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេតមួយកន្លែង ដែលជ្រកក្រោមយីហោកោសជប់ ម៉ាស្សា «៧៧៧៧» នៅចំណុចខាងក្រោយមន្ទីរពេទ្យរស្ស៊ី ផ្ទះលេខ៣៥ ផ្លូវ៤៣០ ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយឃាត់ខ្លួនម៉ែយ៉ែមម្នាក់ និងរំដោះស្ដ្រីរងគ្រោះ៣នាក់ផ្សេងទៀត។
លោក ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និងមានការសម្របសម្រូលពី លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងជំនាញឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់ឈ្មោះ យ៉ ធីង៉ោ ព្រមទាំងរំដោះស្ដ្រីរងគ្រោះ៣នាក់ផ្សេងទៀត។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនម៉ែយ៉ែម ទៅធ្វើការសួរនាំដើម្បីចាត់ការបន្ដ ហើយធ្វើការអប់រំណែនាំ ដល់ស្ដ្រីរងគ្រោះទាំង៣នាក់៕