ក្រុងតាខ្មៅ ៖ Videos បទភ្លេងចង្វាក់រ៉េបបែបហ៊ីបហប់ ដែលមានបញ្ចូលសំឡេងបង្រៀន អានភាសាចិនរបស់គ្រូបង្រៀនភាសាចិនម្នាក់នៅក្រុងតាខ្មៅឯណោះ រយៈពេលបួនប្រាំថ្ងៃចុងក្រោយនេះ កំពុងតែបង្កភាពភ្ញាក់ផ្អើលពេញតាមបណ្តាញសង្គមបតែម្តងចំពោះវិធីសាស្ត្របង្រៀនថ្មីតែទទួលបានផលល្អច្រើនរបស់គាត់ បើទោះបីជារងការរិះគន់ខ្លះក៏ដោយ។
លោកគ្រូ ចាង អ៊ិឈីន Zhang Yi Qun អតីតជាគ្រូបង្រៀនភាសាចិននៅសាលាចិនហេងតុង និងបច្ចុប្បន្នជានាយកសាលាភាសាចិនអ៊ិឈីន ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នោះ បង្ហើបឲ្យដឹងពីដំណើរដើមទងរហូតដល់រកឃើញនូវវិធីសាស្ត្របង្រៀនថ្មីរបស់ខ្លួនថា៖ «វិធីសាស្ត្របង្រៀនភាសាចិនខ្ចីបទភ្លេងរ៉េបមកបញ្ចូលសំឡេងដែលអានជាភាសាចិននេះ ទើបត្រូវបានយកមកប្រើនៅក្នុងសាលាចិនយើង ប្រមាណជាបួនប្រាំខែចុងក្រោយនេះ ខណៈភាពល្បីផ្អើលនៅក្នុងហ្វេសប៊ុកនោះ ប្រហែលបួនប្រាំថ្ងៃកន្លងមកនេះប៉ុណ្ណោះ»។
លោកគ្រូបង្រៀនភាសាចិនវ័យ ៣៤ ឆ្នាំ ឆ្លងកាត់បទពិសោធបង្រៀនសិស្សចំនួន ១៤ ឆ្នាំ និងបើកសាលាចិនផ្ទាល់ខ្លួនរបស់លោក ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៩ ជាទ្រង់ទ្រាយតូច ដោយមានសិស្សចូលរៀនដំបូងត្រឹមចំនួន ២ នាក់ ខណៈមកទល់ពេលបច្ចុប្បន្ននេះ ទាំងពីរសាខាទទួលបានសិស្សចូលរៀនគ្រប់កម្រិតមានចំនួនសរុបជិត ២ ពាន់ នាក់។
លោកបន្តថា៖ «ការយកបទភ្លេងមក Remix ជាមួយនឹងសូរសំឡេងភាសាចិនបានជាសំឡេងអានភាសាចិន ដែលបានដកស្រង់ចេញពីមេរៀននីមួយៗនេះ កើតឡើងដោយសារតែបញ្ហាមួយខ្ញុំបានជួបប្រទះឆ្លងកាត់បទពិសោធបង្រៀនច្រើនឆ្នាំមកគឺភាពខ្ចិលច្រអូសរបស់សិស្សមួយចំនួនធំ។ ព្រោះតែខ្លួនឯងហាក់ដូចជាមានការធុញនឹងការបង្រៀនសិស្សមិនចេះទោះបីរិះរកគ្រប់វិធីសាស្ត្រ តែក្រោយមកក៏សាកល្បងប្រើវិធីយកបទភ្លេងរ៉េបជាមួយនឹងសំឡេងអានជាភាសាចិន មកបង្រៀនសិស្ស ដោយផ្តោតសំខាន់លើបីចំណុចសំខាន់គឺការអាន ការស្តាប់ និងការនិយាយ។ លុះដល់ការសាកល្បងបានផលល្អ ក៏សម្រេចយកមកប្រើនៅក្នុងការបង្រៀនភាសាចិននៅសាលាខ្ញុំទាំងស្រុងតែម្តង»។
លោកគ្រូ ចាង អ៊ិឈីន ក៏បានលើកឡើងនូវសារសំខាន់នៃវិធីសាស្ត្ររបស់លោក សម្រាប់ការបង្កើតជាគន្លឹះថ្មីនៃវិធីសាស្ត្របង្រៀនភាសាខ្មែរ ឬក៏ភាសាដទៃទៀតបានផងដែរ ដោយលោកថា៖ «តាមពិតទៅ ខ្ញុំគិតថា វិធីនេះអាចយកទៅច្នៃប្រើនៅក្នុងការបង្រៀនភាសាខ្មែរក៏បានដែរ គ្រាន់តែយើងកែច្នៃរបៀបជាខ្មែរ ឬភាសាផ្សេងៗទៅគឺបានហើយ។ ខ្ញុំក៏ជាមនុស្សម្នាក់និយមគិតរកវិធីសាស្ត្រ តាមបែបទស្សនវិជ្ជា និងចិត្តសាស្ត្រដែរ។ ឆ្លងកាត់បទពិសោធបង្រៀនច្រើនជាមួយសិស្ស ក៏បានយល់ចិត្តរបស់សិស្សច្រើនដែរ។ដូច្នេះហើយទើបបានជាខ្ញុំនឹកឃើញវិធីសាស្ត្រខ្ចីបទភ្លេងគេមករ៉េប ឬ Remix បញ្ចូលរបៀបអានភាសាចិននេះ រហូតបានផលជាទីគាប់ចិត្ត»។
ទន្ទឹមនឹងការសរសើរគំនិតច្នៃប្រឌិតរកឃើញវិធីសាស្ត្រថ្មីបង្រៀនភាសាចិនឆាប់ចេះនោះ ក៏មានការរិះគន់ពីមនុស្សមួយចំនួនផងដែរថា មិនមែនជាវិធីសាស្ត្រល្អនោះឡើយសម្រាប់សិស្សទូទៅ ឬក៏ថាវាបានតែសម្រាប់សិស្សក្មេងៗប៉ុណ្ណោះ មិនអាចបានគ្រប់វ័យ ឬស្រទាប់សិស្សទេ។
ប៉ុន្តែ លោកគ្រូ ចាង អ៊ិឈីន ឲ្យដឹងបន្ថែមថា៖ «សម្រាប់វិធីនេះ សាលាខ្ញុំគឺបានប្រើជាវិធីបង្រៀនដល់សិស្សគ្រប់វ័យ និងស្រទាប់ មិនថាជាក្មេង ឬមនុស្សចាស់ឡើយ»៕