ឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា កងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍ បទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កម្ចាត់ចោលរាល់សកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ប្រទេសជាតិ និងភាពក្សេមក្សាន្ត របស់ប្រជាពលរដ្ឋកម្ពុជា។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមកម្លាំងទប់ទល់ និងប្រឆាំងទៅនឹងការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែល សម្តេចចាត់ទុកការប្រកាសធ្វើមហាបាតុកម្មនេះ ជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជាតិ។
ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ វាមិនមែនជាការទាមទារសិទ្ធិជូនប្រជាពលរដ្ឋ ឬអ្វីនោះទេ គឺជាការប្រកាសធ្វើប្រឆាំងទៅនឹងច្បាប់របស់កម្ពុជា ជាមហាបាតុកម្មការពារបុគ្គលប្រព្រឹត្តខុសច្បាប់។
ក្រៅពីនាយឧត្តមសេនីយ៍ គន់ គីម នៅមានមេអង្គរក្សសម្តេចតេជោ ហ៊ុន សែន អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំកងកម្លាំងនគរបាលសុទ្ធតែបានបង្ហាញជំហរដ៏ម៉ឹងម៉ាត់ និងត្រៀមលក្ខណៈរួចជាស្រេចអនុវត្តន៍តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ប្រឆាំងគម្រោងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។