ភ្នំពេញ ៖ ប្តី ប្រពន្ធមួយគូ ក្រោយពីរស់នៅមិនចុះសម្រុងគ្នា ឈានទៅដល់នាំគ្នាសុំលែងលះដោយស្ម័គ្រចិត្តនៅចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ លុះចប់សព្វគ្រប់នូវកិច្ចសន្យា រវាងគ្នានិងគ្នាហើយ ពេលវិលត្រឡប់ទៅវិញ អតីត ប្តី សុំឌុបជាលើកចុងក្រោយ តែត្រូវបាន អតីតប្រពន្ធប្រកែក តមាត់ក ចាប់ដាក់មូ៉តូ បែរជាឈ្លោះផ្អើលពេញសាលាសង្កាត់ ។
ភាគីខាងប្តីមានឈ្មោះ ហេង សំណាង មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ។ចំណែកភាគីខាងប្រពន្ធមិនប្រាប់ឈ្មោះឡើយ គ្រាន់តែដឹងថា ២នាក់ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាច្រើនឆ្នាំមកហើយ មានកូនចំនួន២នាក់ ក្នុងបន្ទុក ។ តាមប្រភពពីភាគីខាងស្រី ឲ្យដឹងថា ប្តីមិនដែលចេះជួយការងារផ្ទះសម្បែង ដឹងតែពីដើរ ផឹក សុី ធ្វើឲ្យក្នុងរង្វង់គ្រួសារប្រេះឆា ឈ្លោះព្រឹក ឈ្លោះល្ងាច ទីបំផុតសម្រេចឯកភាពគ្នា មកសុំលែងលះដោយស្ម័គ្រចិត្ត នៅសាលាសង្កាត់ចោមចៅនៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ ក្នុងលក្ខខណ្ឌកិច្ចសន្យា ផ្តាច់សង្វាស់ និងលែងជាប្តីប្រពន្ធទៀតហើយ ចាប់ពីផ្តិតមេដៃជាការចំណាំទុក ។
ការសន្យារបស់អ្នកទាំង២ នៅមុខមន្ត្រីអាជ្ញាធរសង្កាត់ចប់សព្វគ្រប់ហើយ ពេលដែល វិលត្រឡប់ទៅវិញ បែជាអតីត ប្តី សុំឌុបជូនទៅផ្ទះ តែត្រូវបានខាងស្រីមិនព្រម ប្រកែក កើតទៅជាមាត់តូច ធំដាក់គ្នា ទីបំផុត ពាក្យអសុរស រវាងគ្នានឹងគ្នា ជេរទៅ ជេរមក ផ្អើល ប្រជាពលរដ្ឋ ដែលអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោត នាំគ្នាជួយចាប់ ជួយឃាត់ ទើបខាងស្រី អូសមូ៉តូជិះចាកចេញទៅបាត់ សល់ភាគីខាងប្រុស ដើរថ្មើរជើងទៅតាមក្រោយដែរ។
ពាក់ព័ន្ធនិងការលែងលះគ្នានេះផងដែរ មន្ត្រីអត្រានុកូលដ្ឋានសង្កាត់មិនអាចមានតួនាទីអោយភាគីទាំងសម្រេចលែងលះដោយស្របច្បាប់បានទេ ខណះអាជ្ញាធរមានភារកិច្ចត្រឹមសម្របសម្រួលនោះ។ បញ្ហានេះចេះតែកើតមានធ្វើការទម្លាប់សុទ្ធតែខុសនិងនីតិវិធី ព្រោះរឿងនេះមានតែស្ថាប័នប៉ុណ្ណោះ៕