ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរដែលបាត់ខ្លួន៦នាក់ដោយសារទាហ៊ានថៃបាញ់រះពេលឡើងភ្នំរកកាប់ឈើគ្រញូង បណ្តាឲ្យរបួសនិងស្លាប់ កាលពីថ្ងៃទី៦ ខែកញ្ញា រហូតមកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ មួយចំនួនបានវិលត្រឡប់មកផ្ទះហើយ។ ចំណែកអ្នកស្លាប់ គេនៅមិនទាន់រកឃើញសាកសពនៅឡើយទេ។ ពលរដ្ឋខ្មែរដែលរងគ្រោះពីសំណាក់ទាហានថៃបាញ់ និងបានត្រឡប់មកជួបជុំគ្រួសារវិញ មានឈ្មោះ ហ៊ាន ប៊ុល ភេទប្រុសអាយុ ២៦ឆ្នាំ រស់នៅភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលស្ថានភាពរបួសដោយសារត្រូវគ្រាប់កាំភ្លើងចំក្រោមដៃខាងស្តាំ ដែលគេហៅថា បោះដៃផុត ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ ហើយដោយឡែកពលរដ្ឋខ្មែរម្នាក់ទៀត ដែលត្រូវទាហានថៃបាញ់ស្លាប់ នៅមិនទាន់បានរកឃើញសាកសពនៅឡើយទេ ដែលមានឈ្មោះ អ៊ាត អូន ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិសាមគ្គីឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
តាមការរៀបរាប់ពីពលរដ្ឋខ្មែរម្នាក់ឈ្មោះ ឈឹម សាវី ភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរ ៤នាក់ បានរត់គេចខ្លួនត្រឡប់មកផ្ទះវិញ បានរៀបរាប់ថា ក្រុមខ្លួនមានគ្នាចំនួន ៦នាក់ បានឡើងភ្នំរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ តាមចំណុចច្រកតាសក់ និងអូរកាច់ករ ក្រោមការរៀបចំពីថៅឈើឈ្មោះ ពៅ និងជាមួយមន្ត្រីយោធា លោក គង់ ខ្នា មេបញ្ញាផ្នែកសឹករង ស្រុកអន្លង់វែង ហើយត្រូវទាហានថៃបាញ់នៅចំណុចក្បែរវត្តខាវសាលា ក្នុងដីថៃ កាលពីថ្ងៃទី៦ ខែកញ្ញា។
ពាក់ព័ន្ធនឹងបញ្ហានេះ យើងបានទំនាក់ទំនង សុំបំភ្លឺទៅលោក គង់ ខ្នា នៅព្រឹកថ្ងៃទី៩ កញ្ញា តែទូរស័ព្ទមិនលើក ពាក់ព័ន្ធករណីខាងលើនេះ។ ហើយតាមការលើកឡើងពីពលរដ្ឋខ្មែរ ដែលរស់នៅតាមភូមិជាប់ព្រំដែន ក្នុងភូមិសាស្ត្រយោធា ផ្នែកសឹករងស្រុកអន្លង់វែង ជារៀងរាល់ថ្ងៃមានពលរដ្ឋខ្មែរជាច្រើននាក់ បានឡើងភ្នំឆ្លងដែនរកកាប់ឈើគ្រញូង តាមច្រកតាទុំ ច្រកអូរកាច់ករច្រកបាត់តាវែង និងច្រកតាសក់ ក្រោមការគ្រប់គ្រងរបស់លោក គង់ ខ្នា ហើយករណីបាញ់ពីសំណាក់ទាហានថៃខាងលើ កន្លងមកតែងតែមានសកម្មភាពកើតឡើងជាញឹកញាប់ ដែលមន្ត្រីយោធាខាងលើ ព្យាយាមលាក់បាំងជានិច្ច។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ទូរស័ព្ទនៅថ្ងៃដដែល លោកបានប្រាប់ថា ជាប់រវល់ប្រជុំ៕ ដោយ ៖ ព្រំ សំ